ការព្រមានអំពីកម្ដៅ ត្រូវបានចេញនៅទូទាំងតំបន់ភាគខាងត្បូង និងកណ្តាលនៃប្រទេសកាណាដា ខណៈដែលសីតុណ្ហភាព បានកើនឡើងខ្ពស់ដល់ ៣៥អង្សាសេ កាលពីថ្ងៃចន្ទ (១៧ ខែមិថុនា) ដោយក្រសួងបរិស្ថានកាណាដា បានណែនាំប្រជាជនកាណាដាឲ្យប្រុងប្រយ័ត្នពីជំងឺសុរិយរោគ។

គួរបញ្ជាក់ថា អ្នករស់នៅទីក្រុង Toronto បាននាំគ្នាបន្តទាញយកអត្ថប្រយោជន៍ពីអាកាសធាតុក្តៅ ដើម្បីដេកអាំងកម្ដៅថ្ងៃ នៅបឹង Ontario ខណៈពេលដែលអ្នកផ្សេងទៀត នាំគ្នាជិះកង់លេងកម្សាន្ត ឬអង្គុយនៅក្នុងហាងហាលវាល។

តែយ៉ាងណាក្ដី ភ្នាក់ងារព្យាករណ៍អាកាសធាតុជាតិ បានព្រមានកាលពីថ្ងៃចន្ទថា ប្រព័ន្ធអាកាសធាតុដែលមានសម្ពាធខ្ពស់ ក៏អាចនាំមកនូវសីតុណ្ហភាពក្ដៅខ្លាំងបំផុតដល់ផ្នែកកណ្តាល និងភាគខាងកើតនៃសហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះផងដែរ។
ហើយជាមួយគ្នានេះ ការព្រមានអំពីកម្ដៅរបស់ក្រសួងបរិស្ថានកាណាដា បានឲ្យដឹងថា សន្ទស្សន៍សំណើមកំពុងឡើងខ្ពស់បំផុតចន្លោះពី ៣៦ ទៅ ៤២អង្សាសេ នៅតំបន់ខ្លះនៃភាគខាងជើងរបស់ប្រទេស៕
