ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ថា មនុស្ស ៩ នាក់បានស្លាប់ និង១៧ នាក់កំពុងបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ និងបំណាក់ដី ក្នុងនោះអ្នកស្លាប់៥នាក់ និង១៥នាក់បាត់ខ្លួន នៅខេត្តក្វាងទុង (Guangdong) និង៤នាក់ស្លាប់ ២នាក់បាត់ខ្លួន ក្នុង ខេត្ត ហ្វូជៀន (Fujian)ប្រទេសចិនភាគខាងត្បូង។

ភ្លៀងធ្លាក់ដ៏គំហុកបានវាយប្រហារផ្នែកខ្លះនៃខេត្តក្វាងទុង ដែលមានប្រជាជនរស់នៅច្រើន ចាប់តាំងពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន បន្ទាប់ពីអាកាសធាតុអាប់អួរជាច្រើនសប្តាហ៍នៅទូទាំងប្រទេសចិន។
ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ដោយដកស្រង់សម្តីពីក្រុមអាជ្ញាធរខេត្តថាមនុស្ស ១៣ នាក់ទៀតត្រូវបានជាប់ក្នុងទឹកជំនន់ ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតអំពីស្ថានភាពរបស់ពួកគេទេ។
ទូរទស្សន៍ CCTV ដដែលបានរាយការណ៍ថា ក្រុមអាជ្ញាធរបានបញ្ជូនបុគ្គលិកសង្គ្រោះបន្ទាន់ជាង ១ម៉ឺននាក់ ទៅកាន់តំបន់រងផលប៉ះពាល់ ដើម្បីចាប់ផ្តើមការងារស្វែងរក និងជួយសង្គ្រោះភ្លាមៗ។

ប្រទេសចិន ដែលតំបន់មួយចំនួនកំពុងជួបប្រទះរលកកម្តៅដ៏ខ្លាំង ក៏ត្រូវបានគ្របដណ្ដប់ដោយភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ និងបំណាក់ដីផងដែរ៕