លោកឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ បានប្ដេជ្ញាចិត្តលើចំណុច ៤សំខាន់ៗ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាហាប់គីដូនេះឲ្យកាន់តែរីកចម្រើន ទាំងក្នុងក្របខណ្ឌថ្នាក់ជាតិ និងអន្ដរជាតិ ។
ការប្ដេជ្ញាចិត្តនេះ ស្របពេលលោកឧកញ៉ា ត្រូវបានសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ បោះឆ្នោតគាំទ្រធ្វើជាប្រធានសហព័ន្ធអាណត្តិថ្មីបន្ដទៀត ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៧ បន្ដអាណត្ដិទី៨ ឆ្នាំ២០២៤-២០២៨ កាលពីចុងសប្ដាហ៍កន្លងទៅ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

គោលដៅសំខាន់ៗ ដែលប្រធានសហព័ន្ធអាណត្តិថ្មី បានប្ដេជ្ញាបន្ដយកចិត្តទុកដាក់ និងជំរុញការអភិវឌ្ឍ សម្រាប់រយៈពេល ៤ឆ្នាំបន្ទាប់នេះ រួមមាន៖
១-ការប្ដេជ្ញាចិត្តរៀបចំការប្រកួតជ្រើសរើសជើងថ្នាក់ជាតិឲ្យបានរៀងរាល់ឆ្នាំ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាហាប់គីដូនេះឲ្យកាន់តែមានភាពរីកចម្រើនក្នុងថ្នាក់ជាតិ និងអន្តរជាតិ។
២- ការប្តេជ្ញាចិត្តបន្តជំរុញ ទាំងការងាររដ្ឋបាល ការបណ្តុះបណ្តាល និងផលិតនូវធនធានមនុស្សឲ្យកាន់តែរីកចម្រើនជាលំដាប់ សម្រាប់ត្រៀមចូលរួមការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ស្របតាមគោលការណ៍សហព័ន្ធជាសកល។
៣-សហព័ន្ធត្រៀមបញ្ជូនក្រុមកីឡាករ-កីឡាការិនី ចូលរួមការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកពិភពលោក (World LH.F Hapkido Championship 2024) នៅប្រទេសថៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ ខាងមុខ។
៤-សហព័ន្ធនឹងពង្រីកវិសាលភាពឲ្យទៅដល់បណ្តាខេត្ត និងចាប់យកឱកាសចេញទៅចូលរួមប្រកួត នៅក្រៅប្រទេសឲ្យបានច្រើនតាមដែលលទ្ធភាពដែលសហព័ន្ធអាចធ្វើទៅបាន ដើម្បីបង្កើតស្នាដៃ និងលើកិត្យានុភាពហាប់គីដូកម្ពុជាឲ្យកាន់តែល្បីល្បាញទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ។

លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធ បានគូសបញ្ជាក់ក្នុងរបាយការណ៍ថា សម្រាប់អាណត្តិចាស់ៗកន្លងមក ថ្នាក់ដឹកនាំសហព័ន្ធគ្រប់ជំនាន់ បានយកចិត្តទុកដាក់ខ្ពស់ លើការងារបច្ចេកទេស និងការងាររដ្ឋបាល ដែលធ្វើឲ្យសហព័ន្ធមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ពិសេសក្នុងអាណត្តិទី៧ កន្លងទៅ ក្រៅពីជំរុញឲ្យមានការប្រកួតជើងឯកថ្នាក់ជាតិ សហព័ន្ធក៏សម្រេចបាននូវសមិទ្ធផលជាច្រើនផងដែរ ។
លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំអភិវឌ្ឍរបស់សហព័ន្ធខ្មែរកីឡាហាប់គីដូនាពេលកន្លងមក។ លោកថា បច្ចុប្បន្ន សហព័ន្ធកីឡាជាតិសរុបមានចំនួន ៦០ ក្នុងនោះមានសហព័ន្ធកីឡាជាតិចំនួន៤៨ ដែលទទួលបានកញ្ចប់ថវិកាគាំទ្រប្រចាំឆ្នាំពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីដំណើរការអភិវឌ្ឍ។

ដោយឡែកសម្រាប់ប្រភេទកីឡាហាប់គីដូ នៅមិនទាន់ទទួលបានកញ្ចប់ថវិកាអភិវឌ្ឍន៍ប្រចាំឆ្នាំនៅឡើយទេ ។ ដូច្នេះក្នុងអាណត្តិបន្តនេះ លោកក៏បានលើកទឹកចិត្តឲ្យសហព័ន្ធខ្មែរកីឡាហាប់គីដូស្នើសុំកញ្ចប់ថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ហើយក្រសួងនឹងធ្វើការពិនិត្យពិចារណា ដើម្បីស្នើសុំបន្ដទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់យកមកបម្រើឲ្យការងារបណ្ដុះបណ្ដាល និងជំរុញការអភិវឌ្ឍកាន់តែរីកចម្រើនថែមទៀត ។
គួរដឹងថា សម្រាប់សមាសភាពថ្នាក់ដឹកនាំសហព័ន្ធកីឡាហាប់គីដូកម្ពុជា អាណត្តិទី៨ ក្រៅពីលោក សៅ សេងហាក់ ជាប្រធាន គឺមានឯកឧត្តម ជា បូរ៉ា, លោក ផាត់ សុភា, លោក គួច ហុងជៀក, លោក ទេព វីរៈ និងលោក សែ តារា ជាអនុប្រធាន ព្រមទាំងលោក គង់ ចាន់ធីណា ដែលបន្ដកាន់តំណែងសំខាន់ជាអគ្គលេខាធិការ រួមជាមួយអគ្គលេខាធិការរង អគ្គហេរញ្ញិក អគ្គហេរញ្ញិករង និងសមាជិក ៨រូបផ្សេងទៀត ៕ អត្ថបទ លី ឈុនឡា
