អ្នកនាំពាក្យការិយាល័យរដ្ឋអាជ្ញា បានឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រីថៃដ៏មានឥទ្ធិពល លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលជាអ្នកគាំទ្រដ៏លេចធ្លោបំផុតរបស់រដ្ឋាភិបាលដែលកំពុងកាន់អំណាច ត្រូវបានចោទប្រកាន់ជាផ្លូវការ នៅថ្ងៃអង្គារ (ទី១៨ ខែមិថុនា) នេះ ពីបទប្រមាថព្រះមហាក្សត្រ នៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយ កាលពីឆ្នាំ២០១៥។

គួរបញ្ជាក់ថា ករណីរបស់លោក ថាក់ស៊ីន នេះ គឺជាសំណុំរឿងដំបូងគេ ក្នុងចំណោមសំណុំរឿងលេចធ្លោបំផុតចំនួន៤ ពាក់ព័ន្ធនឹងតួអង្គនយោបាយសំខាន់ៗ ដែលមាននៅចំពោះមុខតុលាការ នាថ្ងៃអង្គារនេះ ពោលគឺជាជម្លោះផ្លូវច្បាប់ចុងក្រោយបំផុត ដែលអាចមើលឃើញថា ប្រទេសសេដ្ឋកិច្ចធំជាងគេទី២ របស់តំបន់អាស៊ីអាគ្នេយ៍មួយនេះ បានធ្លាក់ចូលទៅក្នុងរយៈពេលនៃភាពមិនច្បាស់លាស់ថ្មីមួយ។
សំណុំរឿងទាំងនេះមានជាប់ពាក់ព័ន្ធនឹងអ្នកនយោបាយដ៏មានឥទ្ធិពលបំផុតមួយចំនួនរបស់ថៃ ដែលក្នុងនោះរួមទាំងនាយករដ្ឋមន្ត្រីបច្ចុប្បន្នរបស់ប្រទេសផងដែរ ហើយវាអាចធ្វើឲ្យមានភាពប្រេះស្រាំកាន់តែជ្រៅទៅៗ រវាងស្ថាប័នអភិរក្សនិយម-រាជានិយម និងគូប្រជែងរបស់ខ្លួន ដូចជាគណបក្ស Pheu Thai (ភឿថៃ) ដែលកំពុងកាន់អំណាច និងគណបក្សប្រឆាំង គឺគណបក្សបោះជំហានទៅមុខ (Move Forward)។
លោក ថាក់ស៊ីន បានស្វែងរកការធានានៅក្រៅឃុំពីតុលាការ ក្នុងទីក្រុងបាងកក ភ្លាមៗ បន្ទាប់ពីរដ្ឋអាជ្ញាបានចោទប្រកាន់ជាផ្លូវការលើមហាសេដ្ឋីវ័យ ៧៤ឆ្នាំរូបនេះ ជុំវិញបទល្មើសដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមារហូតដល់ ១៥ឆ្នាំ ចំពោះជនណា ដែលត្រូវបានរកឃើញប្រមាថព្រះមហាក្សត្រ។
ទូរទស្សន៍សាធារណៈ ThaiPBS និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សេងទៀតបាន បានរាយការណ៍ថា តុលាការបានទទួលយកប្រាក់ធានានៅក្រៅឃុំចំនួន ៥០០.០០០បាត (១៣.៦០០ដុល្លារអាមេរិក)៕