លោក វ្ល៉ាឌីមៀ ពូទីន បានបណ្តេញរដ្ឋមន្ត្រីការពារជាតិចំនួន ៤រូប ចេញពីតំណែង ហើយបានតែងតាំងសាច់ញាតិរបស់ខ្លួនម្នាក់ ឲ្យកាន់តួនាទីនេះ ខណៈដែលខ្លួនធ្វើការបោសសម្អាតមន្ត្រី ដែលទទួលបន្ទុកក្នុងអំឡុងពេលការឈ្លានពានដ៏អាក្រក់ទៅលើប្រទេសអ៊ុយក្រែន។

អ្នកស្រី Anna Tsivileva កូនស្រីរបស់បងប្អូនជីដូនមួយរបស់លោកប្រធានាធិបតីរុស្សី បានរៀបការជាមួយរដ្ឋមន្ត្រីថាមពលរបស់ប្រទេសនេះ ហើយត្រូវបានរដ្ឋាភិបាលអង់គ្លេសដាក់ទណ្ឌកម្ម បន្ទាប់ពីបានប្រើទំនាក់ទំនងរបស់អ្នកស្រីជាមួយលោក ពូទីន ដើម្បីក្លាយជាប្រធានអាជីវកម្មរ៉ែធ្យូងថ្ម។

អ្នកស្រី Tsivileva ដែលមានឈ្មោះដើមថា Putina ក៏គ្រប់គ្រងមូលនិធិ «អ្នកការពារមាតុភូមិ» សម្រាប់អតីតយុទ្ធជនសង្គ្រាមផងដែរ។
លោក Pavel Fradkov ជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីមួយរូបរបស់លោក ពូទីន ក៏ត្រូវបានដំឡើងតំណែង ក្នុងការរុះរើកាលពីថ្ងៃចន្ទនោះដែរ ។ លោក Fradkov ធ្លាប់ធ្វើការនៅក្នុងរដ្ឋបាលប្រធានាធិបតី។
ក្រុមអ្នកវិភាគ បាននិយាយថា ការដំឡើងតំណែងរបស់ពួកគេ កើតឡើង នៅពេលដែលលោក ពូទីន កំពុងមានផែនដាក់ការជឿទុកចិត្តកាន់តែច្រើនលើកូនចៅរបស់មិត្តស្និទ្ធ ជាជាងអ្នកខាងក្រៅ បន្ទាប់ពីគ្រោះមហន្តរាយជាបន្តបន្ទាប់ នៅប៉ុន្មានខែដំបូងនៃសង្រ្គាមនេះ។