មន្ត្រីអ៊ីស្រាអែល បានព្រមានថា ប្រទេសនេះ កំពុងជិតឈានដល់ស្ថានភាពនៃសង្រ្គាមពេញទំហឹង ជាមួយក្រុមហេសបូឡា ប្រសិនបើក្រុមភេរវករ នៅតែបន្តបង្កើនការវាយប្រហាររបស់ខ្លួន នៅភាគខាងជើងអ៊ីស្រាអែល។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានធ្វើការព្រមានកាលពីថ្ងៃអាទិត្យ មួយថ្ងៃមុនពេល លោក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានគ្រោងជួបជាមួយ លោក Amos Hochstein ដែលជាជំនួយការជាន់ខ្ពស់របស់លោកប្រធានាធិបតី បៃដិន។ រដ្ឋបាលរបស់លោក បៃដិន កំពុងជំរុញអ៊ីស្រាអែលឲ្យជៀសវាងសង្រ្គាម នៅក្នុងប្រទេសលីបង់ ប៉ុន្តែមន្ត្រី IDF នៅតែបន្តបញ្ជាក់ពីការគំរាមកំហែងដ៏ធំដែលបង្កឡើងដោយក្រុមហេសបូឡា បើប្រៀបធៀបទៅនឹងក្រុមហាម៉ាស។

អ្នកនាំពាក្យ IDF បានព្រមានកាលពីថ្ងៃអាទិត្យថា៖«ការវាយប្រហារកាន់តែខ្លាំងឡើងរបស់ក្រុមហេស បូឡា កំពុងនាំយើងទៅដល់ស្ថានភាពនៃអ្វីដែលអាចជាការកើនឡើងភាពតានតឹងកាន់តែធំឡើង»។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្គាឡែនធ៍ (Yoav Gallant)បានលើកឡើងសេចក្តីថ្លែងការណ៍នេះជាថ្មី នៅក្នុងកិច្ចពិភាក្សាផ្ទាល់របស់ខ្លួនជាមួយ លោក Hochstein កាលពីថ្ងៃចន្ទ។
លោក បានប្រាប់តំណាងរបស់លោក បៃដិនថា៖ «យើងប្តេជ្ញាចិត្តចំពោះដំណើរការការទូត ទោះបីជាការវាយប្រហាររបស់ក្រុមហេសបូឡា កំពុងនាំយើងឲ្យខិតទៅជិតចំណុចសំខាន់មួយ ក្នុងការសម្រេចចិត្តទាក់ទងនឹងសកម្មភាពយោធារបស់យើង នៅក្នុងប្រទេសលីបង់»។