កោះកុង៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានប្រាប់ដល់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា ត្រូវបំពេញកាតព្វកិច្ចទៅប្រកាសទ្រព្យសម្បត្តិ និងបំណុលនៅអង្គភាពប្រឆាំងអំពើពុករលួយឱ្យបានទាន់ពេលវេលា។
ក្នុងពិធីប្រកាសតែងតាំងក្រុមប្រឹក្សាស្រុកមណ្ឌលសីមាចំនួន១១នាក់ លោកជំទាវអភិបាលខេត្តកោះកុង ថ្លែងនៅថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២៤ថា សមាជិកក្រុមប្រឹក្សាគ្រប់រូប អាណត្តិទី៤នេះ ត្រូវមានភាពជាម្ចាស់ការអនុវត្តការងារទៅប្រកាសទ្រព្យសម្បត្តិឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់។ ចំពោះសមាជិកក្រុមប្រឹក្សាស្រុកមណ្ឌលសីមា អាណត្តិទី៣ ដែលទើបជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឡើងវិញទៅប្រកាសទ្រព្យសម្បត្តិដូចគ្នាដែរ។
លោកជំទាវ មិថុនា ភូថង បញ្ជាក់ដែរថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនសមាជិកក្រុមប្រឹក្សា ចាំបាច់បញ្ចូនទៅអង្គភាពប្រឆាំងអំពើពុករលួយក្នុងរយៈពេល៣០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃប្រកាសចូលកាន់តំណែងនេះ។ ការប្រកាសនេះ សាមីខ្លួនត្រូវអនុវត្តតាមរបបប្រកាស២ឆ្នាំម្តង ស្របតាមគោលការណ៍កំណត់ច្បាប់។
បន្ថែមលើនេះ លោកជំទាវមិថុនា ភូថង ក៏ជំរុញឱ្យក្រុមប្រឹក្សាស្រុកមណ្ឌលសីមា អាណត្តិទី៤ ត្រូវផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋមានប្រសិទ្ធភាព និងគុណភាពខ្ពស់តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញអនុវត្ត។
រដ្ឋបាលថ្នាក់ក្រោមជាតិ គ្រប់ថ្នាក់ចាំបាច់បន្តលើកកម្ពស់សេវារដ្ឋបាលឱ្យកាន់តែឆាប់រហ័ស តម្លាភាព និងងាយស្រួលតាមបែបបទ និងនីតិវិធីកំណត់។ ពិសេសទៀតនោះ គឺគ្រប់មន្រ្តីរដ្ឋបាល និងក្រុមប្រឹក្សាស្រុកមណ្ឌលសីមា ពង្រឹងក្រមសិលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ និងភាពស្អាតស្អំដោយឈរលើវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការដាក់ទណ្ឌកម្មចំពោះមន្រ្តីណាដែលប្រព្រឹត្តបំពានសីលធម៌វិជ្ជាជីវៈ និងរំលោភអំណាចក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងនាមជាអ្នកបម្រើសេវាសាធារណជូនប្រជាពលរដ្ឋ៕ អត្តបទៈឈឹម មករា



