ក្រសួងការបរទេសចិន បាននិយាយថា ប្រទេសចិន បានត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយរុស្ស៊ី និងប្រទេសដទៃទៀត ដើម្បីធានាសន្តិសុខ នៅក្នុងតំបន់អឺរ៉ុបអាស៊ី និងជុំវិញពិភពលោក ដើម្បីលុបបំបាត់ការខ្វែងគំនិត និងជម្លោះដោយសន្តិវិធី។

ក្រសួងបាននិយាយនៅក្នុងការអត្ថាធិប្បាយមួយទៅកាន់សារព័ត៌មានTASS ថា៖«ប្រទេសចិន និងរុស្ស៊ី គឺជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាមហាអំណាចដែលកំពុងលេចធ្លោ។ ប្រទេសរបស់យើង ត្រូវបានប្រគល់ឲ្យនូវការទទួលខុសត្រូវដ៏សំខាន់មួយ ដើម្បីធានាសន្តិសុខអន្តរជាតិ និងក្នុងតំបន់ ក៏ដូចជាស្ថិរភាពផងដែរ»។

ការអត្ថាធិប្បាយនេះ ត្រូវបានធ្វើឡើងទាក់ទងនឹងសំណើរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក្នុងការកសាងប្រព័ន្ធសន្តិសុខថ្មីមួយ ជាមួយនឹងភាពជាដៃគូអឺរ៉ុបអាស៊ីដ៏អស្ចារ្យ។
សេចក្តីថ្លែងការណ៍នោះ បាននិយាយថា ប្រទេសចិន បានត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខពិភពលោករួមគ្នាជាមួយសហគមន៍អន្តរជាតិ រួមទាំងរុស្ស៊ីផងដែរ។ សេចក្តីថ្លែងការពណ៏ បានបន្តថា ទីក្រុងប៉េកាំងព្យាយាមបង្កើតគំនិតដែលពាក់ព័ន្ធនឹងផ្តោតលើកិច្ចសហប្រតិបត្តិការស្មើភាព និងនិរន្តរភាព ហើយនៅពេលជាមួយគ្នានេះ ត្រូវគិតគូរអំពី«ការព្រួយបារម្ភសមហេតុផលនៃប្រទេសនីមួយៗ»។