
យោងតាមនាយសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល (JCS) បាននិយាយថា កូរ៉េខាងត្បូង កំពុងតាមដានយ៉ាងដិតដល់នូវរាល់សកម្មភាពយោធារបស់ប្រទេសកូរ៉េខាងជើង បន្ទាប់ពីទាហានកូរ៉េខាងជើង បានឆ្លងកាត់ខ្សែបន្ទាត់កំណត់ព្រំដែនយោធា នៅជិតព្រំដែន នៅថ្ងៃអង្គារ ទី១៨ មិថុនានេះ។
មន្ត្រី និយាយថា ទាហានពី២០ ទៅ៣០ នាក់ បានបំពានខ្សែបន្ទាត់ព្រំដែនចម្ងាយ២០ម៉ែត្រ នៅខាងក្នុងតំបន់គ្មានយោធា នៅព្រឹកថ្ងៃអង្គារនេះ ហើយបានធ្វើដំណើរត្រឡប់ទៅភាគខាងជើងភ្លាមៗ បន្ទាប់ពីការបាញ់ព្រមាន ដោយកូរ៉េខាងត្បូង។
យោធាប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បានចេញផ្សាយរូបថតនៃសកម្មភាពនៅព្រំដែន របស់ទាហានកូរ៉េខាងជើង ដែលត្រូវបានថតកាលពីពេលពីរខែកន្លងទៅនេះ ដែលទំនងជាបង្ហាញពី ទាហានកំពុងដាក់គ្រាប់មីន និងកសង់រចនាសម្ព័ន្ធដូចផ្លូវធ្វើដំណើរ។
លោក Lee Sung-jun នាយកកិច្ចការសាធារណៈរបស់អង្គភាពសេនាធិការចម្រុះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យោធារបស់ប្រទេសកូរ៉េខាងជើងបាននិងកំពុង ធ្វើសកម្មភាពផ្សេងៗនៅតាមសមរភូមិមុខ រួមមានការដាក់ពង្រាយទាហាន និងដាក់គ្រាប់មីន។
ឧបទ្ទវហេតុនេះ បានកើតឡើង ខណៈប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង នៅថ្ងៃអង្គារ និងថ្ងៃពុធ ជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល២៤ ឆ្នាំ កន្លងទៅនេះ។
មន្ត្រីទីក្រុងសេអ៊ូល និយាយថា កាលពីសប្តាហ៍មុន យោធាកូរ៉េខាងត្បូង បានបាញ់ព្រមាន បន្ទាប់ពីទាហានកូរ៉េខាងជើងប្រហែល២០នាក់ បានឆ្លងកាត់ព្រំដែនភ្លាមៗ។