
ទូរទស្សន៍ Al-Masirah TV ដែលគ្រប់គ្រងដោយក្រុមហ៊ួទីនៅប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃចន្ទ ថា និងកងកម្លាំងអង់គ្លេស បានធ្វើការវាយប្រហារតាមផ្លូវអាកាសយ៉ាងហោចណាស់ចំនួន ៦លើកលើអាកាសយានដ្ឋានអន្តរជាតិ Hodeidah របស់ប្រទេសយេម៉ែន និងការវាយប្រហារចំនួន ៤លើកទៅលើកោះ Kamaran ក្បែរកំពង់ផែ Salif នៃសមុទ្រក្រហម។
ការវាយប្រហារទៅលើទីក្រុង Kamaran គឺជាលើកទី១ហើយ ដែលកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក បានកំណត់គោលដៅលើកោះនេះ ចាប់តាំងពីការវាយប្រហារតាមអាកាសទៅលើគោលដៅរបស់ក្រុមហ៊ួទី បានចាប់ផ្តើម នៅដើមខែកុម្ភៈ។
អ្នកជំនាញខាងយោធា និងសន្តិសុខ បាននិយាយថា ការវាយប្រហារទាំងនោះ បានធ្វើឡើងបន្ទាប់ពីការវាយប្រហារដោយដ្រូនលើកដំបូងរបស់ក្រុមហ៊ួទិ និងការវាយលុកដោយមីស៊ីលផ្សេងទៀត ដែលបានធ្វើឲ្យខូចខាតដល់នាវាដឹកទំនិញ Tutor និង Verbena កាលពីសប្តាហ៍មុន។ នាវាទាំងពីរគ្រឿង ត្រូវបានបោះបង់ចោល និងអណ្តែតនៅលើសមុទ្រ ដោយនាវា Tutor ប្រឈមនឹងហានិភ័យនៃការលិចចូលទៅក្នុងសមុទ្រ។
ក្រុមហ៊ួទី ដែលគ្រប់គ្រងរដ្ឋធានី និងតំបន់ដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសយេម៉ែន បានវាយប្រហារលើការដឹកជញ្ជូនអន្តរជាតិ នៅក្នុងសមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិកា ក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។ នៅពេលនោះ ពួកគេ បានវាយប្រហារពន្លិចនាវាមួយគ្រឿង រឹបអូសយកនាវាមួយទៀត និងបានបណ្តាលឲ្យនាវិកបីនាក់ ស្លាប់ ក្នុងការវាយប្រហារដាច់ដោយឡែកពីគ្នា។