
អាជ្ញាធរការពារជាតិរបស់កោះតៃវ៉ាន់ លោក Wellington Koo នៅថ្ងៃអង្គារ (ទី១៨ ខែមិថុនា) នេះ បាននិយាយថា ពួកគេ «យល់» ពីស្ថានភាពនេះ បន្ទាប់ពីលេចចេញនូវរូបភាព នៅលើប្រព័ន្ធអ៊ីនធឺណិត ដែលបង្ហាញពីនាវាមុជទឹកនុយក្លេអ៊ែររបស់ចិន កំពុងមានវត្តមាននៅលើផ្ទៃទឹករបស់ច្រកសមុទ្រតៃវ៉ាន់ដ៏រសើប នៅក្បែរអ្នកនេសាទតៃវ៉ាន់។
គួរបញ្ជាក់ថា ច្រកសមុទ្រដ៏តូចចង្អៀតដែលខណ្ឌចែកកោះតៃវ៉ាន់ពីចិន គឺជាប្រភពនៃភាពតានតឹងជាញឹកញាប់។ កោះតៃវ៉ាន់រាយការណ៍អំពីយន្តហោះចម្បាំង និងនាវាចម្បាំងរបស់ចិន ដែលប្រតិបត្តិការនៅទីនោះជារៀងរាល់ថ្ងៃ ខណៈដែលទីក្រុងប៉េកាំងព្យាយាមអះអាងដល់ការទាមទារអធិបតេយ្យភាពរបស់ខ្លួន ប្រឆាំងនឹងកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះ។
ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បានផ្សព្វផ្សាយនូវរូបភាពនៃនាវាលើផ្ទៃទឹក ដែលមើលទៅដូចជានាវាមុជទឹកមីស៊ីលបាលីស្ទិកប្រភេទ Jin-class ប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ដែលត្រូវបានថតដោយទូកនេសាទតៃវ៉ាន់នៅច្រកសមុទ្រ នាព្រឹកព្រលឹមថ្ងៃទី១៨ ខែមិថុនា ដែលចម្ងាយប្រហែល ២០០គីឡូម៉ែត្រពីឆ្នេរសមុទ្រភាគខាងលិចរបស់កោះតៃវ៉ាន់។
នៅពេលមានសំណួរពីនាវាមុជទឹកនោះ លោក Koo បាននិយាយថា ពួកគេ «យល់» អំពីស្ថានភាពស៊ើបការណ៍សម្ងាត់ ប៉ុន្តែបានបដិសេធមិននិយាយពីរបៀបដែលពួកគេកំពុងតាមដាន ឬផ្តល់ព័ត៌មានលម្អិតអ្វីនោះឡើយ។ ចំណែកក្រសួងការពារជាតិចិនមិនបានឆ្លើយតបភ្លាមៗនោះទេ ចំពោះសំណើសុំការអត្ថាធិប្បាយ៕