ថ្មីៗនេះ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសនាំចូលកីឡាករវ័យក្មេង ២រូប គឺខ្សែប្រយុទ្ធ សុវណ្ណ ដូណា ដែលផ្ទេរមកពីក្លិបអង្គរថាយហ្គឺរ និងអ្នកចាំទី សាំង ហាន់ឃុន ដើម្បីត្រៀមការប្រកួតរដូវកាលថ្មី ឆ្នាំ២០២៤/២០២៥ ទាំងក្របខណ្ឌជាតិ និងអន្ដរជាតិ ។
ការផ្ទេរទៅកាន់ក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀង ដែលទើបគ្រងជើងឯកលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២៣/២៤ នេះ បានធ្វើឲ្យកីឡាករវ័យក្មេងទាំងពីរ មានការសប្បាយរីករាយជាខ្លាំង ហើយពួកគេរំពឹងថា ការផ្ទេរនេះ នឹងអាចផ្លាស់ប្ដូរ ក៏ដូចជាជំរុញការអភិវឌ្ឍខ្លួនមួយកម្រិតបន្ថែមទៀត ។
សុវណ្ណ ដូណា បានបញ្ជាក់ថា ទោះបីដឹងថា នៅព្រះខ័នរាជស្វាយរៀង នឹងមានការប្រកួតប្រជែងខ្លាំង តែគេពិតជារីករាយនឹងការផ្លាស់ប្ដូរមួយនេះ ដោយ ដូណា សង្ឃឹមថា អាចផ្លាស់ប្ដូរខ្លួនឯង និងអភិវឌ្ឍខ្លួនទៅមុខមួយកម្រិតទៀត ។ ពិសេសគឺថ្នាក់ដឹកនាំក្លិប និងក្រុមការងារគ្រូបានផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើកីឡាករ ។
ចំណែកអ្នកចាំទីវ័យក្មេង សាំង ហាន់ឃុន បានលើកឡើងស្រដៀងគ្នា ចំពោះការចូលរួមជាមួយព្រះខ័នរាជស្វាយរៀង ដែលរូបគេបានចាត់ទុកប្រៀបដូចជាផ្ទះរបស់ខ្លួន ក្នុងនាមជាក្លិបអាជីព និងស្ដង់ដារមួយ ដែលអាចផ្ដល់ឱកាសឲ្យរូបគេអភិវឌ្ឍខ្លួនឈានទៅរកភាពរីកចម្រើនមួយកម្រិតទៀត។
គួរដឹងថា ក្រៅពីនាំចូលកីឡាករក្នុងស្រុកទាំង ២រូប ព្រះខ័នរាជស្វាយរៀង ក៏បានបង្ហាញនូវតម្រុយត្រៀមប្រកាសសមាជិកថ្មី ដែលជាកីឡាករបរទេសម្នាក់ទៀត ក្នុងពេលឆាប់ៗ សម្រាប់ត្រៀមរដូវកាលថ្មីផងដែរ ។ យ៉ាងណាមិញ ក្លិបមិនទាន់បង្ហាញពីអត្ដសញ្ញាណផ្លូវការនោះទេ ក្រៅពីបង្ហើបតម្រុយជាកីឡាករបរទេស ដែលមានសញ្ជាតិប្រេស៊ីល ៕ អត្ថបទ លី ឈុនឡា

