បាល់ទាត់៖ ខ្សែការពារកណ្តាលរបស់ក្រុមជំរើសជាតិបារាំង Raphael Varane បានបង្ហាញអារម្មណ៍រំភើបរីករាយនៅពេលមកដល់ Manchester United ដែលនិយាយបានថាជាសុបិនក្លាយជាការពិត។

កីឡាករវ័យ ២៨ឆ្នាំរូបនេះត្រូវបាន Manchester United ប្រកាសជាផ្លូវការនៅថ្ងៃចន្ទម្សិលមិញនេះ បន្ទាប់ពីការបង្ហាញខ្លួនជាមួយនឹងលេខអាវលេខ ១៩ កាលពីថ្ងៃមុនការប្រកួតដែល Manchester United យកឈ្នះ Leeds United ៥-១។ ផ្តល់កិច្ចសម្ភាសន៍ដំបូង Raphael Varane បាននិយាយថា Manchester United បានទាក់ទងរូបគេតាំងពីឆ្នាំ២០១១ នៅជំនាន់ Sir Alex Ferguson ជាអ្នកចាត់ការដែលបានទៅដល់ផ្ទះរបស់ម្តាយគេ ហើយតាំងពីពេលនោះមកគេតែងតែគិតថានឹងអាចលេងឱ្យ Manchester United នៅ English Premier League។
ផ្ទុយទៅវិញការប៉ុនប៉ងទៅអង់គ្លេសមិនបានសំរេចឡើយ ជំនួសវិញដោយផ្ទេរទៅ Real Madrid អស់រយៈពេល ១០ឆ្នាំបង្ហាញខ្លួនចំនួន ៣៥១លើកសម្រាប់ក្លិបគ្រប់ក្របខណ្ឌ។ Raphael Varane បានមកដល់ Manchester United ក្នុងតម្លៃ ៤០លានផោនជាមួយនឹងកិច្ចសន្យារយៈពេល ៤ឆ្នាំ៕
អត្ថបទ៖នាង សុភាវុធ