
កាលពីថ្ងៃចន្ទម្សិលមិញ ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva បានជំរុញឲ្យរដ្ឋាភិបាលរបស់លោកពន្លឿនវិធានការនៅតំបន់ព្រៃជប់ភ្លៀងអាម៉ាហ្សូន ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលរួមចំណែកក្នុងការបំផ្លិចបំផ្លាញព្រៃត្រូពិកធំបំផុតរបស់ពិភពលោកមួយនេះ ។
លោក Lulaបាននិយាយត្អូញត្អែថា ពួកគេបានចំណាយពេល ១ឆ្នាំមកហើយសម្រាប់ផែនការសន្តិសុខនៅតំបន់ព្រៃជប់ភ្លៀងអាម៉ាហ្សូន ដើម្បីសម្រេចឲ្យបានជោគជ័យ ប៉ុន្តែបែរជានៅមានការងារច្រើនមិនទាន់បានធ្វើទៅវិញ ដើម្បីបង្កើតមជ្ឈមណ្ឌលនគរបាលអន្តរជាតិនៅទីក្រុង Manaus ។
លោកប្រធានធិបតីបានថ្លែងបែបនេះ ចេញពីវិមានរដ្ឋាភិបាលនៅទីក្រុង Brasilia ក្នុងព្រឹត្តការណ៍បិទបញ្ចប់ការផ្ទេរប្រាក់ ៥៨,៦លានដុល្លារ ដើម្បីផ្តល់មូលនិធិដល់ផែនការសន្តិសុខ ។
ធនធានបានមកពីមូលនិធិអាម៉ាហ្សូន ១,៣ពាន់លានដុល្លារ ដំបូងឡើយបង្កើតឡើងដោយប្រទេសន័រវែស ដើម្បីគាំទ្រនិរន្តរភាព និងបញ្ឈប់ការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅព្រៃជប់ភ្លៀងអាម៉ាហ្សូន ។
មូលនិធិដែលគ្រប់គ្រងដោយធនាគារអភិវឌ្ឍន៍ជាតិប្រេស៊ីល(BNDES) ត្រូវបានគាំទ្រដោយមានការបរិច្ចាគពីអាល្លឺម៉ង់ អង់គ្លេស ដាណឺម៉ាក សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ។
ផែនការសន្តិសុខអាម៉ាហ្សូន គឺជាគម្រោងដំបូងគេឧបត្ថម្ភដោយមូលនិធិអាម៉ាហ្សូន ដែលមានគោលដៅប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មបរិស្ថាននៅក្នុងតំបនព្រៃជប់ភ្លៀងដ៏ធំល្វឹងល្វើយមួយនេះ ៕