
ក្រុមមូស្លីមធ្វើពិធីបុណ្យធម្មយាត្រាហាជិប្រចាំឆ្នាំនៅប្រទេសអារ៉ាប៊ីសាអូឌីត នាំគ្នាសប្បាយរីករាយនឹងភ្លៀងធ្លាក់ ភ្លាមៗកាលពីថ្ងៃចន្ទ ពេលដែលពួកគេទទួលបានភាពត្រជាក់ពីអាកាសធាតុក្តៅ ខណៈមានសេចក្តីរាយការណ៍ថា ជនជាតិហ្សកដានីយ៉ាងហោច ៦នាក់ បានស្លាប់ដោយសារកម្តៅកាលពីថ្ងៃសៅរ៍ ។
ក្រសួងការបរទេសហ្សកដានី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យថា ជនជាតិហ្សកដានី ១៤នាក់ ត្រូវបានគេរាយការណ៍ថាស្លាប់ អំឡុងពិធីបុណ្យាហាជិ ដោយសារជំងឺសង្ស័យសុរិយារោគ ខណៈមនុស្ស ១៧នាក់ ផ្សេងទៀត បាត់ខ្លួន ។
ក្រសួងបាននិយាយកាលពីថ្ងៃសៅរ៍ថា មនុស្សស្លាប់យ៉ាងហោច ៦នាក់ បានជាប់ពាក់ព័ន្ធនឹងកម្តៅ ពេលដែលគេព្យាករណ៍ថា សីតុណ្ហភាពនៅក្នុងទីក្រុង Mecca នឹងឡើងដល់ ៤៧អង្សាសេនៅថ្ងៃចន្ទ ។
ខណៈពេលនោះដែរ ក្រសួងសុខាភិបាលអារ៉ាប៊ីសាអូឌីត បានអំពាវនាវឲ្យក្រុមធម្មយាត្រាទាំងអស់ បន្តទទួលទានទឹក ដើម្បីរក្សាជាតិទឹកក្នុងខ្លួន និងប្រើប្រាស់ឆ័ត្រ ដើម្បីចៀសផុតពីជំងឺសុរិយារោគ និងជំងឺផ្សេងទៀតពាក់ព័ន្ធនឹងកម្តៅ ។
ពិធីបុណ្យហាជិ ដែលជនមូស្លីមមានលទ្ធភាពត្រូវធ្វើម្តងក្នុង ១ជីវិតរបស់ពួកគេនោះ នឹងបញ្ចប់នៅថ្ងៃពុធស្អែកនេះ ហើយយោងតាមការអះអាងរបស់ក្រុមអាជ្ញាធរស្ថិតិទូទៅរបស់អារ៉ាប៊ីសាអូឌីត បានឲ្យដឹងថា ក្រុមធម្មយាត្រាជាង ១,៨លាននាក់ ត្រូវបានគេរំពឹងថា នឹងចូលរួមពិធីបុណ្យហាជិក្នុងឆ្នាំនេះ ៕