
រដ្ឋាភិបាលចិន កំពុងផ្តោតលើកសិករអឺរ៉ុប ជំនួសឲ្យក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ ដោយបើកការស៊ើបអង្កេតលើការនាំចូលសាច់ជ្រូករបស់សហភាពអឺរ៉ុប ត្រឹមតែប៉ុន្មានថ្ងៃ បន្ទាប់ពីសហភាពអឺរ៉ុប បាននិយាយថា ខ្លួនគ្រោងនឹងដាក់ពន្ធបណ្តោះអាសន្នលើរថយន្តអគ្គិសនី ដែលផលិតនៅប្រទេសចិន។
ក្រសួងពាណិជ្ជកម្ម មិនបាននិយាយពីពន្ធលើរថយន្តអគ្គិសនី នៅពេលដែលខ្លួនបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនកំពុងបើកការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចថ្លៃលើសាច់ជ្រូកពីអឺរ៉ុប ប៉ុន្តែការសម្រេចនេះ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការឆ្លើយតបទៅនឹងសម្រេចរបស់សហភាពអឺរ៉ុបលើរថយន្តអគ្គិសនី។ ការធ្វើបែបនេះ ក៏ផ្តល់ឲ្យប្រទេសចិននូវផលប្រយោជន៍មួយ នៅក្នុងការចរចាពាណិជ្ជកម្មណាមួយនោះ នាពេលខាងមុខ។
ប្រទេសចិន អាចយកពន្ធ ២៥ភាគរយលើការនាំចូលរថយន្តដែលប្រើសាំងជាមួយម៉ាស៊ីនធំៗ ក្នុងនាមការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ជាជំហានដែលនឹងធ្វើឲ្យក្រុមហ៊ុន Mercedes និង BMW ពិបាក។ ក្នុងការជ្រើសរើសមិនធ្វើដូច្នេះ យ៉ាងហោចណាស់សម្រាប់ពេលនេះ រដ្ឋាភិបាល អាចនឹងទទួលស្គាល់ការប្រឆាំងសាធារណៈនៃឧស្សាហកម្មរថយន្តអាល្លឺម៉ង់ចំពោះពន្ធគយរបស់សហភាពអឺរ៉ុប ក៏ដូចជាទំហំផលិតកម្ម នៅក្នុងប្រទេសចិនផងដែរ។
ទីផ្សារចិន គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ ហើយប្រធានសមាគមរថយន្ត VDA របស់ប្រទេសនេះ បានពណ៌នាសេចក្តីប្រកាសពន្ធរបស់ EU កាលពីថ្ងៃទី ១២ ខែមិថុនាថា ជាជំហានមួយបន្ថែមទៀតពីកិច្ចសហប្រតិបត្តិការពិភពលោក។ លោកស្រី Hildegard Müller បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ហានិភ័យនៃជម្លោះពាណិជ្ជកម្មសកល កំពុងកើនឡើងបន្ថែមទៀត ដោយសារតែវិធានការនេះ»។