
តំណាងរាស្រ្តសហរដ្ឋអាមេរិកមកពីគណបក្សសាធារណរដ្ឋលោក Michael Mccaul បាននិយាយពេលរូបលោកដឹកនាំគណប្រតិភូសភាទ្វេបក្សទៅកាន់ប្រទេសឥណ្ឌានាថ្ងៃអង្គារនេះថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងចុះត្ថលេខាលើសេចក្តីស្នើច្បាប់អនុម័តឡើងដោយសភា បញ្ជាក់សិទ្ធិរបស់តំបន់ទីបេតិ៍ ។
លោក Mccaul និងតំណាងរាស្រ្តផ្សេងទៀត រួមទាំងអតីតប្រធានសភាមកពីគណបក្សប្រជាធិបតេយ្យលោកស្រី Nancy Pelosi ដែលបានធ្វើដំណើរទៅដល់ទីក្រុងភ្នំភាគខាងជើង Dharamsala ប្រទេសឥណ្ឌា គ្រោងនឹងជួបមេដឹកនាំសាសនាទីបេតិ៍ គឺសម្តេចសង្ឃ Dalai Lama ។
ក្រុមតំណាងរាស្រ្ត ត្រូវបានស្វាគមន៍ដោយប្រជាពលរដ្ឋទីបេតិ៍ និងព្រះសង្ឃនិរទេសនៅអាកាសយានដ្ឋាន Kangara ដែលត្រូវបានគេមើលឃើញគ្រវីទង់ទីបេតិ៍ និងទង់ជាតិសហរដ្ឋអាមេរិក ។
ជំនួបនេះ បានធ្វើឡើងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនការយាងដំណើរតាមការគ្រោងទុករបស់សម្តេចសង្ឃ Dalai Lama ទៅកាន់សហរដ្ឋអាមេរិក ដើម្បីព្យាបាលក្បាលជង្គង់របស់ព្រះអង្គ ។
សូមបញ្ជាក់ថា ក្រុមតំណាងរាស្រ្តសហរដ្ឋអាមេរិក តែងតែបំពេញទស្សនកិច្ចទៅកាន់ទីក្រុង Dharamsala និងកោតសរសើរដល់ការងាររបស់សម្តេចសង្ឃឈ្នះពានរង្វាន់ណូបែលសន្តិភាព Dalai Lama ដើម្បីទាក់ទាញការគាំទ្រសកលសម្រាប់តំបន់ស្វយ័តរបស់ព្រះអង្គ ។ ចិន បានចាត់ទុកព្រះអង្គថាជាសង្ឃផ្តាច់ខ្លួនដ៏គ្រោះថ្នាក់បំផុតមួយអង្គ ៕