
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong នៅថ្ងៃអង្គារ (ទី១៨ ខែមិថុនា) នេះ បាននិយាយថា អំឡុងពេលជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានលើកឡើងអំពីឧប្បត្តិហេតុមួយ នៅឯវិមានសភា ដែលមន្ត្រីចិនបានព្យាយាមរារាំងអ្នកសារព័ត៌មានម្នាក់ដែលធ្លាប់ជាប់ពន្ធនាគារនៅទីក្រុងប៉េកាំង។
ដំណើរទស្សនកិច្ចរបស់លោក Li ទៅកាន់ប្រទេសអូស្ត្រាលី ពីថ្ងៃទី ១៥-១៨ ខែមិថុនានេះ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីចិន ក្នុងរយៈពេល ៧ឆ្នាំ និងបង្ហាញពីស្ថិរភាព ក្នុងទំនាក់ទំនង រវាងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក និងប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោក។
គួរបញ្ជាក់ថា អ្នកសារព័ត៌មានអូស្ត្រាលីឈ្មោះ Cheng Lei ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ នៅទីក្រុងប៉េកាំង ជុំវិញបទចោទប្រកាន់ ស្ដីពីសន្តិសុខជាតិ រហូតដល់មានការដោះលែងរូបនាង ក្នុងខែតុលា គឺស្ថិតក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយ ដែលរាយការណ៍អំពីដំណើរទស្សនកិច្ចរបស់លោក Li ទៅកាន់ទីក្រុង Canberra កាលពីថ្ងៃចន្ទ នៅពេលដែលមន្ត្រីចិនឈរនៅពីមុខនាង ដើម្បីរារាំងកុំឲ្យឃើញមុខតាមកាមេរ៉ា។
អ្នកនាង Cheng បាននិយាយថា ហេតុការណ៍នោះទំនងជាមន្ត្រីចិនមិនចង់ឲ្យនាងបង្ហាញមុខលើការផ្សាយព័ត៌មាន ក្នុងស្រុករបស់ចិន។ ករណីនេះបានគ្របដណ្ដប់លើប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលីជាងកិច្ចប្រជុំរបស់លោក Li នៅទីក្រុង Canberra ហើយបានក្លាយជាការផ្តោតអារម្មណ៍នៃការពិភាក្សានយោបាយ នៅថ្ងៃអង្គារនេះ។
លោកស្រី Wong បាននិយាយថា លោក Albanese បានសម្តែងការព្រួយបារម្ភរបស់លោក ចំពោះឧប្បត្តិហេតុនេះដោយផ្ទាល់ទៅកាន់លោក Li៕