
មេដឹកនាំគណបក្សស្តាំជ្រុលនិយម លោក Jordan Bardella នៅថ្ងៃអង្គារ (ទី១៨ ខែមិថុនា) នេះ បានអំពាវនាវដល់អ្នកបោះឆ្នោតបារាំងឲ្យផ្តល់ដល់គណបក្សរបស់លោកនូវសំឡេងភាគច្រើនដាច់ខាត នៅក្នុងការបោះឆ្នោតសភា នាពេលខាងមុខ ដើម្បីឲ្យគណបក្សរបស់ខ្លួនអាចដឹកនាំប្រទេសប្រកបដោយប្រសិទ្ធភាព។
លោក Bardella ដែលគណបក្សរួបរួមជាតិ (RN) របស់លោក មានឱកាសពិតប្រាកដជាលើកដំបូង ក្នុងការឈ្នះអំណាចជាតិ នៅក្នុងការបោះឆ្នោតថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី៧ ខែកក្កដា បានទម្លាក់ចោលការសន្យាមួយចំនួនរបស់គណបក្សលោក ដោយនិយាយថា ពួកគេនឹងមិនកាត់បន្ថយពន្ធលើតម្លៃបន្ថែមភ្លាមៗ នៅក្នុងបញ្ជីទំនិញសំខាន់ៗចំនួន ១០០មុខនោះទេ។
គួរបញ្ជាក់ថា ការស្ទង់មតិបានបង្ហាញឲ្យឃើញឥតប្រែប្រួលពីការនាំមុខគេរបស់គណបក្ស RN ដែលមិនគាំទ្រសហភាពអឺរ៉ុប និងប្រឆាំងអន្តោប្រវេសន៍ ចាប់តាំងពីមានការសម្រេចដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ប្រធានាធិបតី លោក Emmanuel Macron កាលពីដើមខែនេះ ក្នុងការប្រកាសរំលាយសភា។
ប៉ុន្តែស្ថាប័នស្ទង់មតិទាំងនោះ ដែលបានព្យាយាមអនុវត្តយ៉ាងស្មុគស្មាញនូវការព្យាករណ៍ជុំទី២ សម្រាប់មណ្ឌលបោះឆ្នោតចំនួន ៥៧៧កន្លែងរបស់ប្រទេសបារាំង បង្ហាញឲ្យឃើញថា គណបក្ស RN មិនអាចទទួលបានសំឡេងភាគច្រើនដាច់ខាត ដែលធានាដល់ការមានអំណាច និងលទ្ធភាព ក្នុងការអនុម័តច្បាប់ដោយគ្មានសម្ព័ន្ធមិត្តនោះទេ៕