
ប្រជាពលរដ្ឋរស់នៅកូរ៉េខាងត្បូង និយាយនៅថ្ងៃអង្គារនេះថា ពួកគេគ្មានអារម្មណ៍រងការគំរាមកំហែងនោះទេ ពេលទាហានកូរ៉េខាងជើង ឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនយោធា ឬពេលមានការផ្ទុះក្នុងចម្ការមីនជិតព្រំដែន ។
ភ្ញៀវទេសចរ និងពលរដ្ឋកូរ៉េខាងត្បូងដែលបានទៅកម្សាន្តលេងប្រាសាទ Imjingak Pavilion នៅជិតតំបន់គ្មានកងទ័ព បាននិយាយនៅថ្ងៃអង្គារនេះថា ពួកគេពុំគិតថា សកម្មភាពយោធាកូរ៉េខាងជើង ឬដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទៅកាន់ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងសន្តិសុខនោះទេ ។
នាយអគ្គសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង(JCS) បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារនេះ ទាហានកូរ៉េខាងជើង បានបំពានខ្សែបន្ទាត់យោធា ហើយនិងបានបកក្រោយទៅទិសខាងជើងភ្លាមៗវិញ ក្រោយត្រូវបានបាញ់ព្រមានដោយកូរ៉េខាងត្បូង ។
JCS បន្តថា ទាហានកូរ៉េខាងជើង បានរងគ្រោះថ្នាក់ច្រើនផងដែរ ខណៈពេលដើរ ដោយសារផ្ទុះមីននៅក្នុងតំបន់គ្មានកងទ័ព ។
ឧបទ្ទេវហេតុនេះដែរ បានកើតមានឡើង ពេលដែលលោក Putin ធ្វើដំណើរមកកាន់កូរ៉េខាងជើង សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ក្នុងរយៈពេល ២៤ឆ្នាំ ៕