ប្រណាំងកង់៖ កីឡាករជើងចាស់សញ្ជាតិអេស្តូនី Rein Taaramae បានប្រជែងឈ្នះដំណាក់កាលទី៣ នៃព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ Grand Tour, Vuelta a Espana នៅលើទឹកដីអេស្ប៉ាញថ្ងៃចន្ទម្សិលមិញនេះ ដើម្បីឡើងមកនាំមុខគេក្នុងតារាងរួម។

ដំណាក់កាលទី៣ ដែលមានចំងាយផ្លូវ ២០២.៨គីឡូម៉ែត្រឆ្លងកាត់ស្ថានភាពផ្លូវភ្នំ កីឡាករវ័យ ៣៤ឆ្នាំរបស់ក្រុម Intermarche រូបនេះបានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៥ម៉ោង ១៦នាទី ៥៧វិនាទី តាមពីក្រោយដោយកីឡាករអាមេរិក Joe Dombrowski របស់ក្រុម UAE Team Emirate យឺតជាង ២១វិនាទី និងលេខ៣ កីឡាករបារាំង Kenny Elissonde របស់ក្រុម Trek-Segafredo យឺតជាង ៣៦វិនាទី។
ក្រោយ ៣ដំណាក់កាលនេះ Rein Taamarae បានឡើងមកនាំមុខគេក្នុងតារាងរួមដោយមានវេលាសរុប ៩ម៉ោង ២៥នាទី ៤៤វិនាទី តាមពីក្រោយ ២៥វិនាទីដោយកីឡាករបារាំង Kenny Elissonde និងលេខ៣ អ្នកការពារជើងឯកកីឡាករស្លូវេនី Primoz Roglic យឺតជាង ៣០វិនាទី។ សំរាប់ដំណាក់កាលទី៤ ថ្ងៃអង្គារនេះមានចំងាយផ្លូវ ១៦៣.៩គីឡូម៉ែត្រ៕
អត្ថបទ៖នាង សុភាវុធ