
ក្រុមបាតុករប្រឆាំងសេចក្តីស្នើច្បាប់ហិរញ្ញវត្ថុរាប់សិបនាក់ ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា នាថ្ងៃអង្គារនេះ ។
ពួកគេបាននាំគ្នាស្រែកពាក្យស្លោកប្រឆាំងសេចក្តីស្នើច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៤ដ៏ចម្រូងចម្រាស់ ស្របពេលដែលក្រុមនគរបាល បាញ់គ្រាប់បែកភ្លើង កាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកពួកគេ មុនពេលលើកបាតុករមួយចំនួនដាក់លើរថយន្តនគរបាល ។
បាតុកម្ម 'Occupy Parliament' មានគោលដៅដាក់សំពាធលើក្រុមអ្នកបង្កើតច្បាប់ ឲ្យច្រានចោលសេចក្តីស្នើច្បាប់នេះ ។
ពួកគេបានជួបជុំគ្នា ដើម្បីតវ៉ាសេចក្តីស្នើច្បាប់ដែលត្រូវពិភាក្សានៅក្នុងសភានាថ្ងៃអង្គារនេះ ហើយនិងរងការរិះគន់ខ្លាំងពីក្រុមសង្គមស៊ីវិល និងក្រុមអ្នកនយោបាយប្រឆាំងនៅក្នុងសភា ។
ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលបាតុកម្មចាប់ផ្តើម គណៈកម្មាធិការហិរញ្ញវត្ថុសភា បានប្រកាសថា ពួកគេបានដកចេញប្រកាជម្លោះមួយចំនួន នៅក្នុងសេចក្តីស្នើច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៤ រួមទាំងសំណើពន្ធ VAT លើសេវាកម្មហិរញ្ញវត្ថុ និងការជួញដូររូបិយប័ណ្ណ ៕