
ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UN) នៅថ្ងៃអង្គារនេះ បានព្រមានថា ស្ថានភាពនៅក្នុងតំបន់វ៉េសប៊ែង រួមទាំងតំបន់ហ៊្សេរុយសាឡឹមខាងកើត កាន់តែយ៉ាប់យ៉ឺនយ៉ាងខ្លាំង ស្របពេលមានការស្លាប់ និងការរងគ្រោះមិនអាចកាត់ថ្លៃបាន នៅតំបន់ហ្កាហ្សាស្រ្ទីប ។
លោក Volker Turk គឺជាឧត្តមស្នងការសិទ្ធិមនុស្ស UN និយាយពេលបើកអង្គប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស UNថា ស្ថានភាពនៅក្នុងតំបន់វ៉េសប៊ែង រួមទាំងតំបន់ហ៊្សេរុយសាឡឹមខាងកើត ពិតជាអាក្រក់ខ្លាំងណាស់ ។
លោកថា មកទល់នឹងថ្ងៃទី ១៥ ខែមិថុនា ជនប៉ាឡេស្ទីន ១៥.៥២៨នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខអ៊ីស្រាអែល ឬក្រុមអ្នកតាំងលំនៅនិគម ចាប់តាំងពីខែតុលារហូតមក ពោលគឺក្នុងករណីខ្លះ ធ្វើឲ្យមានក្តីបារម្ភកាន់តែខ្លាំងចំពោះការសម្លាប់ខុសច្បាប់ ។
លោកបន្តថា ជនជាតិអ៊ីស្រាអែល ២៣នាក់ ត្រូវបានសម្លាប់នៅក្នុងតំបន់វ៉េសប៊ែង និងនៅអ៊ីស្រាអែល ដោយសារការប៉ះទង្គិចគ្នា ឬវាយប្រហារដោយជនប៉ាឡេស្ទីន ។
លោក Turk បញ្ជាក់ថា លោកមានការរន្ធត់ចិត្តជាខ្លាំងចំពោះការមិនគោរពសិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌ ដោយភាគីជម្លោះនៅហ្គាហ្សា ៕