មន្ត្រីសន្តិសុខហ្វីលីពីនបាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា កងកម្លាំងចិន បានរឹបអូសទូកកៅស៊ូហ្វីលីពីនចំនួនពីរគ្រឿង ដែលកំពុងដឹកជញ្ជូនអាហារ និងគ្រឿងផ្គត់ផ្គង់ផ្សេងទៀតទៅកាន់ប៉ុស្តិ៍យោធានៅក្នុងដែនទឹកមានជម្លោះសមុទ្រចិនខាងត្បូង នៅក្នុងការប្រឈមដាក់គ្នាដ៏តានតឹងមួយ ដោយបណ្ដាលឲ្យទាហានជើងទឹកហ្វីលីពីនមួយចំនួនរងរបួស។មន្ត្រីហ្វីលីពីននិយាយថា នាវិកហ្វីលីពីនយ៉ាងហោចណាស់៨នាក់បានរងរបួស រួមទាំងម្នាក់ បានបាត់បង់មេដៃក្នុងការប៉ះទង្គិចគ្នានោះ។

សហរដ្ឋអាមេរិកបានបន្តការព្រមានកាលពីថ្ងៃអង្គារសប្ដាហ៍នេះដែរថា ខ្លួនមានកាតព្វកិច្ចការពារប្រទេសហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញា មួយថ្ងៃបន្ទាប់ពីអរិភាពអស់ជាច្រើនម៉ោងក្នុងដែនទឹកមានជម្លោះ Second Thomas Shoal ។ តំបន់នេះ ត្រូវបានកាន់កាប់ដោយកងនាវាចរហ្វីលីពីនតូចមួយ នៅលើនាវាចម្បាំងបានបោះមូលដ្ឋានជាយូរមកហើយ ដែលត្រូវបានតាមដានយ៉ាងដិតដល់ដោយឆ្មាំល្បាតឆ្នេរ និងកងទ័ពជើងទឹករបស់ប្រទេសចិន ក្នុងការប្រឈមដាក់គ្នាលើដែនទឹកនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

មានក្ដីបារម្ភថា ជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង ដែលត្រូវបានចាត់ទុកជាយូរមកហើយថាជាចំណុចក្ដៅរបស់អាស៊ី អាចកើនឡើង និងទាញឱ្យសហរដ្ឋអាមេរិក និងចិនធ្លាក់ចូលក្នុងជម្លោះកាន់តែធំ។ ប្រទេសចិន និងហ្វីលីពីន បានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះអរិភាពកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ដែលជាបញ្ហាធ្ងន់ធ្ងរបំផុតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែបានផ្តល់ព័ត៌មានលម្អិតតិចតួចប៉ុណ្ណោះ៕