យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអង្គារ (១៨ មិថុនា) ថា ផែនការប្រតិបត្តិការសម្រាប់ការវាយលុកនៅក្នុងប្រទេសលីបង់ ត្រូវបាន «អនុម័ត និងមានសុពលភាព» ខណៈដែលកងកម្លាំងអ៊ីស្រាអែល និងក្រុឧទ្ទាមហេសបូឡា (Hezbollah) ដែលគាំទ្រដោយអ៊ីរ៉ង់ បានចូលរួមក្នុងការបាញ់ប្រហារឆ្លងព្រំដែនទៅវិញទៅមក។

យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមមន្ត្រីយោធាជាន់ខ្ពស់អ៊ីស្រាអែល «បានធ្វើការវាយតម្លៃស្ថានភាពរួមគ្នាមួយនៅក្នុងបញ្ជាការភាគខាងជើង។ ជាផ្នែកមួយនៃការវាយតម្លៃស្ថានភាពនោះ ផែនការប្រតិបត្តិការសម្រាប់ការវាយលុកនៅក្នុងប្រទេសលីបង់ ត្រូវបានអនុម័ត និងធ្វើឱ្យមានសុពលភាព។ ការសម្រេចនេះត្រូវបានធ្វើឡើងជុំវិញការបន្តបង្កើនការត្រៀមខ្លួនរបស់កងទ័ពនៅក្នុងតំបន់នោះ»។

ក្រុមហេសបូឡា របស់ប្រទេសលីបង់ ដែលជាសម្ព័ន្ធមិត្តរបស់ពួកហាម៉ាស និងអ៊ីស្រាអែល បានធ្វើការបាញ់តបតទៅមកស្ទើរតែរាល់ថ្ងៃចាប់តាំងពីសង្រ្គាមហ្កាហ្សា បានផ្ទុះឡើងដោយការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា របស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ទៅលើភាគខាងត្បូងអ៊ីស្រាអែល។ ផែនការយោធានេះបានកើតឡើងនៅពេលដែលរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក អ៊ីស្រាអែល ខាត់ស៍ (Israel Katz) បានព្រមានក្រុមហេសបូឡា ថាខ្លួននឹងត្រូវបានបំផ្លាញប្រសិនបើមាន «សង្រ្គាមពេញលេញ» រវាងប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយនៅខែនេះថា យោធាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ប្រតិបត្តិការដ៏ខ្លាំងក្លាមួយនៅក្នុងប្រទេសលីបង់ ប្រសិនបើចាំបាច់ ដោយសន្យាថានឹងស្តារសន្តិសុខឡើងវិញនៅព្រំដែនភាគខាងជើងរបស់ប្រទេស។ ប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក លោក អាម៉ូស ហូចស្ទេន (Amos Hochstein) បានស្ថិតនៅក្នុងប្រទេសលីបង់កាលពីថ្ងៃអង្គារ មួយថ្ងៃបន្ទាប់ពីបានជួបមេដឹកនាំអ៊ីស្រាអែល ដោយស្វះស្វែងរកការបន្ធូរបន្ថយភាពតានតឹង «ជាបន្ទាន់» នៅតាមព្រំដែនអ៊ីស្រាអែល-លីបង់៕