ប្រធានបុគ្គលិករបស់អ៊ុយក្រែន លោក អាន់ឌ្រី យើម៉ាក (Andriy Yermak) បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមមន្ត្រីអ៊ុយក្រែនបានចាប់ផ្តើមការងារដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលសន្តិភាពលើកទីពីរ បន្ទាប់ពីសន្និសីទលើកដំបូងដែលដឹកនាំដោយអ៊ុយក្រែន ត្រូវបានធ្វើឡើងកាលពីចុងសប្តាហ៍មុននៅប្រទេសស្វីស។
លោក យើម៉ាក បានប្រាប់សន្និសីទសារព័ត៌មានតាមអនឡាញកាលពីល្ងាចថ្ងៃអង្គារថា កិច្ចប្រជុំកំពូលនឹងអាចធ្វើទៅបានលុះត្រាតែផែនការរួមមួយត្រូវបានសម្រេចដោយរដ្ឋសមាជិក ដោយជាដំណើរការដែលលោករំពឹងថានឹងត្រូវចំណាយពេលច្រើនខែ។

កិច្ចប្រជុំកំពូល ដែលរៀបចំដោយប្រទេសស្វីស កាលពីចុងសប្តាហ៍ មានប្រទេសជាង ៩០ ចូលរួម ប៉ុន្តែអ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួនបានបរាជ័យក្នុងការបញ្ចុះបញ្ចូលបណ្ដារដ្ឋមិនចូលបក្សសម្ព័ន្ធធំៗ ឱ្យចូលរួមក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ពួកគេ ហើយពុំមានប្រទេសណាមួយចេញមុខធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំវគ្គបន្តនោះទេ។

ទីក្រុងមូស្គូ មិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍នោះឡើយ។ លោក យើម៉ាក បាននិយាយថា តំណាងរុស្ស៊ី អាចត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទីពីរ ដើម្បីបង្ហាញផែនការសន្តិភាពដែលសម្រេចបានដោយព្រឹត្តិការណ៍នេះ។
រុស្ស៊ី បានបើកប្រតិបត្តិការយោធាពេញលេញលើអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ដោយបញ្ឆេះឱ្យមានជម្លោះដ៏បង្ហូរឈាមបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២។ រុស្ស៊ី បានទាមទារឱ្យអ៊ុយក្រែន បោះបង់ចោលទឹកដី និងមហិច្ឆតារបស់ខ្លួនក្នុងការចូលរួមជាមួយអង្គការណាតូ ជាថ្នូរនឹងការចរចាសន្តិភាព ដោយនោះជាលក្ខខណ្ឌដែលទីក្រុងគីវ បដិសេធ៕
