នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអះអាងថា បានដាក់សម្ពាធលើសហរដ្ឋអាមេរិក ជុំវិញការផ្គត់ផ្គង់អាវុធ ដែលប្រទេសរបស់លោកត្រូវការក្នុងសង្គ្រាម ទប់ទល់នឹងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ។

សហរដ្ឋអាមេរិក បានផ្អាកផ្ដល់សព្វាវុធទៅឱ្យអ៊ីស្រាអែលកាលពីដើមខែឧសភា ស្របពេលមានការអំពាវនាវឱ្យខ្លួនកាត់បន្ថយការវាយលុករបស់ប្រទេសនេះលើទីក្រុង រ៉ាហ្វា (Rafah) ដែលមានប្រជាជនច្រើន នៅភាគខាងត្បូងហ្កាហ្សា។
ការដឹកជញ្ជូនដែលត្រូវបានរាយការណ៍ រួមមានគ្រាប់បែកចំនួន ៣.៥០០ គ្រាប់សម្រាប់យន្តហោះចម្បាំង។ យោងតាមអាជ្ញាធរគ្រប់គ្រងដោយក្រុមហាម៉ាស ក្នុងតំបន់ បានឲ្យដឹងថា ការវាយលុករបស់រដ្ឋជ្វីហ្វមួយនេះលើទីក្រុង Rafah បានធ្វើឱ្យប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ស្លាប់ និងរងរបួស។
នៅក្នុងវីដេអូដែលបានបង្ហោះនៅលើ បណ្ដាញសង្គម X កាលពីថ្ងៃអង្គារ លោក Netanyahu បាននិយាយជាភាសាអង់គ្លេសថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានធានាដល់រូបលោកថា សេតវិមាន កំពុងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីលុបបំបាត់ការកកស្ទះទាំងនេះ ដោយសំដៅលើការផ្គត់ផ្គង់អាវុធ។

សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយចុងក្រោយ ដែលថាក្នុងអំឡុងពេលកិច្ចប្រជុំជាមួយ Blinken កាលពីសប្តាហ៍មុន នៅទីក្រុងហ្សេរុយសាឡឹម លោក Netanyahu បានទាមទារឱ្យដកចេញរបាំងហាមប្រាមលំហូរនៃការផ្ដល់ជំនួយគ្រាប់រំសេវ៕