លោកប្រធានាធិបតី ចិន Xi Jinping បាននិយាយកាលពីថ្ងៃអង្គារ ទី១៨ ខែមិថុនា ថា ភារកិច្ចគ្រប់គ្រងទឹកជំនន់ក្នុងប្រទេសចិនកាន់តែលំបាកខ្លាំងឡើង ដោយលោកបានអំពាវនាវឱ្យខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ការពារអាយុជីវិត និងទ្រព្យសម្បត្តិ ស្របពេលព្យុះដ៏ខ្លាំងក្លា បានវាយលុកខេត្តមួយចំនួន។

មនុស្សប្រហែលរាប់សិបនាក់ ត្រូវបានរាយការណ៍ថាបានបាត់បង់ជីវិតនៅក្នុងទឹកជំនន់ ឬបំណាក់ដី បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះជាមួយនឹងរដូវទឹកជំនន់ប្រចាំឆ្នាំនៅក្នុងខេត្តខ្លះនៅភាគខាងត្បូងប្រទេសចិនយ៉ាងពេញទំហឹង។
ក្នុងទីក្រុង មីចូវ (Meizhou) ក្នុងខេត្ត ក្វាងទុង អគារទាបៗបានដួលរលំនៅលើដីជាប់ទន្លេដែលទឹកកំពុងហូរកួចខ្លាំង ឬបានលិចពាក់កណ្តាលអគារនៅពេលទឹកជន់លិចខ្លាំង។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា នៅខេត្តក្វាងទុង មនុស្សយ៉ាងហោចណាស់ ៥នាក់បានស្លាប់ និង ១៣ នាក់ជាប់ក្នុងទឹកជំនន់ដ៏គំហុក និងបំណាក់ដី បណ្ដាលឲ្យផ្ទះជាង១.៤០០ខ្នងដួលរលំ និងដំណាំចំនួន៨.០០០ ហិកតាត្រូវបានខូចខាត៕