ក្រុមអ្នកការទូត កាលពីថ្ងៃអង្គារ បាននិយាយថា អ្នកធ្វើធម្មយាត្រាយ៉ាងហោចណាស់៥៥០នាក់ បានស្លាប់ក្នុងអំឡុងពេលពិធីបុណ្យហាជី ដោយបញ្ជាក់ពីធម្មជាតិមិនអំណោយផលខ្លាំងក្នុងពេលធម្មយាត្រា ដែលសីតុណ្ហភាពឡើងកម្តៅខ្លាំងនៅឆ្នាំនេះ។

អ្នកការទូតអារ៉ាប់ពីរនាក់ ដែលសម្របសម្រួលការឆ្លើយតប បាននិយាយទៅកាន់សារព័ត៌មាន AFPថា យ៉ាងហោចណាស់មនុស្ស៣២៣នាក់នៃអ្នកស្លាប់គឺជាជនជាតិអេហ្ស៊ីប ដែលពួកគេភាគច្រើនស្លាប់ដោយសារជំងឺទាក់ទងទៅនឹងកម្តៅ។
អ្នកការទូត និយាយថា យ៉ាងហោចណាស់ជនជាតិហ្ស៊កដានី ចំនួន៦០នាក់ ក៏បានស្លាប់ផងដែរ ដែលកើនឡើងពីចំនួនផ្លូវការ៤១នាក់ ត្រូវបានផ្តល់ឱ្យកាលពីថ្ងៃអង្គារ ។

អ្នកស្លាប់ថ្មី ធ្វើឱ្យចំនួនសរុប ដែលត្រូវបានរាយការណ៍មកប្រទេសជាច្រើនរហូតមកដល់ពេលនេះមានចំនួន៥៧៧នាក់ នេះបើយោងតាមតួលេខរបស់សារព័ត៌មាន AFP ។
អ្នកការទូត និយាយថាចំនួនសរុបនៅឯទីបញ្ចុះសពនៅកន្លែងធំបំផុតមួយនៅក្នុងទីក្រុង Mecca មានចំនួន៥៥០នាក់។ ពិធីបុណ្យ ហាជី គឺជាពិធីបុណ្យមួយក្នុងចំណោម សសរស្តម្ភទាំងប្រាំរបស់សាសនាឥស្លាម និងប្រជាជនមូស្លីមទាំងអស់ ដែលមានមានន័យថា ត្រូវតែបំពេញពិធិនេះយ៉ាងហោចណាស់ម្តង។
មជ្ឈមណ្ឌលឧតុនិយមជាតិប្រទេសអារ៉ាប៊ីសាអូឌីត និយាយថា ធម្មយាត្រានេះ បានរងផលប៉ះពាល់កាន់តែខ្លាំងឡើងដោយសារតែបម្រែបម្រួលអាកាសធាតុ ខណៈសីតុណ្ហភាពនៅក្នុងតំបន់ធ្វើពិធីសាសនា កើនឡើង០,៤ អង្សាសេ រៀងរាល់ទសវត្សរ៍។
សីតុណ្ហភាពឡើងដល់៥១,៨អង្សាសេ នៅវិហារធំ ហ្គ្រេនម៉ស(Grand Mosque) ក្នុងទីក្រុង Mecca កាលពីថ្ងៃចន្ទ។