ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ របស់មន្ទីរបញ្ចកោណបាននិយាយថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តការលក់យានដ្រូន និងមីស៊ីលទៅឱ្យកោះតៃវ៉ាន់ ក្នុងតម្លៃប្រមាណជា ៣៦០ លានដុល្លារ។

ចិន បាននិងកំពុងបង្កើនសម្ពាធយោធាប្រឆាំងនឹងកោះតៃវ៉ាន់ រួមទាំងហ្គេមសង្រ្គាមជុំវិញកោះនេះកាលពីខែមុន បន្ទាប់ពីការឡើងកាន់តំណែងរបស់មេដឹកនាំថ្មីលោក ឡៃ ឆឹងទ័រ (Lai Ching-te)។ ទីភ្នាក់ងាររបស់មន្ទីរបញ្ចកោណ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារថា ការលក់នេះ នឹងជួយធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពរបស់អ្នកទទួល និងជួយក្នុងការរក្សាស្ថិរភាពនយោបាយ តុល្យភាពយោធា និងវឌ្ឍនភាពសេដ្ឋកិច្ចក្នុងតំបន់»។

ទីភ្នាក់ងារនេះបន្ថែមថា ការលក់នេះរួមមាន សព្វាវុធប្រឆាំងកងទ័ព ស្វីចប្លេដ ៣០០ (Switchblade 300) យានដ្រូនបំផ្ទុះប្រឆាំងគ្រឿងសឹក (Loitering munitions) និងគ្រឿងយុទ្ធោបករណ៍ពាក់ព័ន្ធផ្សេងទៀតក្នុងតម្លៃប៉ាន់ស្មានចំនួន ៦០,២ លានដុល្លារ ហើយនិងយានដ្រូន អាល់ទូស ៦០០អ៊ិម-វី (ALTIUS 600M-V) រួមទាំងយុទ្ធោបករណ៍ពាក់ព័ន្ធផ្សេងទៀតសម្រាប់ការចំណាយប៉ាន់ស្មានចំនួន ៣០០ លានដុល្លារ។ សូមបញ្ជាក់ថា យានដ្រូនអត្តឃាត ឬយានដ្រូនបំផ្ទុះ គឺជាមីស៊ីលប្រព័ន្ធទូរបញ្ជាខ្នាតតូច ដែលអាចហោះហើរជុំវិញតំបន់គោលដៅមួយ រហូតទាល់តែត្រូវបានបញ្ជាឱ្យវាយប្រហារ។
អាជ្ញាធរការពារជាតិតៃវ៉ាន់ បានសម្តែងការអរគុណរបស់ខ្លួន ជាពិសេសចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើនការលក់អាវុធដល់ខ្លួន។ ចិនបាននិយាយថា ការលក់សព្វាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យតំបន់តៃវ៉ាន់ របស់ចិន បានរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ ហើយបានជំរុញឱ្យសហរដ្ឋអាមេរិក ឈប់បន្តគាំទ្រកោះតៃវ៉ាន់៕