នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយCambodia Film Commission និងCINÉ HUB រៀបចំវគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា ២០២៤ ក្នុងគោលបំណងរួមចំណែកបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពយុវជន ដែលបានចំណាប់អារម្មណ៍ស្រលាញ់ ចូលរួមចំណែកក្នុងវិស័យភាពយន្តកម្ពុជា។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះថា តាមរយៈការបណ្តុះបណ្តាលជំនាញនេះ យើងមានធនធានយុវជនថ្មីៗ ដែលបានបោះជំហានចូលក្នុងវិស័យភាពយន្តកម្ពុជា។ ថ្វីត្បិតថាការបណ្តុះបណ្តាលមានរយៈពេលខ្លី ក៏ប៉ុន្តែវាជាការរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការជម្រុញបណ្តុះគំនិត គិតស្រលាញ់របស់យុវជន ពិសេសផ្តល់ឱកាសជាលក្ខណៈបច្ចេកទេសភាព ហើយបោះជំហានចូលក្នុងការផលិតភាពយន្តទាំងខ្នាតខ្លី និងខ្នាតវែង នាពេលខាងមុខ។






