មេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឆឹង-ទ័រ (Lai Ching-te) បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសចិនកំពុងព្យាយាមបង្ខំកោះតៃវ៉ាន់ឱ្យចុះចូល ប៉ុន្តែកោះស្វ័យគ្រប់គ្រងមួយនេះ នឹងមិនចុះចាញ់នឹងសម្ពាធនោះទេ ហើយមានតែកម្លាំងយោធាទេ ដែលអាចរក្សាសន្តិភាពជាមួយចិនបាន។

ចិន អះអាងកោះតៃវ៉ាន់ ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយបាននិយាយថា ខ្លួននឹងមិនបោះបង់ការប្រើកម្លាំងដើម្បីក្រសោបយកកោះនេះមកដាក់ក្រោមការគ្រប់គ្រងរបស់ក្រុងប៉េកាំងឡើយ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងប៉េកាំងបានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយលើរដ្ឋាភិបាលក្រុងតៃប៉ិ ដោយការបង្ហាញកម្លាំងចុងក្រោយ រយៈពេលបីថ្ងៃបន្ទាប់ពីការស្បថចូលកាន់តំណែងរបស់មេដឹកនាំលោក ឡៃ នៅពេលប្រទេសចិនធ្វើល្បែងសង្គ្រាមជុំវិញកោះនេះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធនេះ គម្រប់រយៈពេលខែដំបូងក្នុងការចូលកាន់តំណែងរបស់ខ្លួន លោក Lai បាននិយាយថា ការបញ្ចូលតៃវ៉ាន់ គឺជាគោលនយោបាយជាតិរបស់សាធារណរដ្ឋប្រជាមានិតចិន។
ការលើកឡើងរបស់លោក កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានអនុម័តការលក់យានដ្រូន និងមីស៊ីលក្នុងទំហំទឹកប្រាក់ប្រមាណ៣៦០លានដុល្លារអាមេរិក ឲ្យទៅកោះតៃវ៉ាន់៕