សមាជិកសភាអ៊ុយក្រែន បានដោះស្រាយបញ្ហាកង្វះកម្លាំងប្រយុទ្ធ ដោយអនុម័តច្បាប់ស្តីពីការកេណ្ឌកងទ័ពថ្មី។ ប៉ុន្តែការស្ទង់មតិបង្ហាញថា សាធារណជនត្រឹមតែមួយភាគបីប៉ុណ្ណោះ គាំទ្រច្បាប់នេះ។

អាជ្ញាធរ បានហាមប្រាមបុរសដែលមានអាយុចាប់ពី១៨ឆ្នាំដល់៦០ឆ្នាំ មិនឱ្យចាកចេញពីប្រទេស ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែន ចាប់ផ្តើម។ ប៉ុន្តែអាជ្ញាធរ បានដាក់ចេញច្បាប់ថ្មីកាលពីខែមុន ដើម្បីបង្រ្កាបអ្នកដែលគេចខ្លួនពីការកេណ្ឌកងទ័ព។
ពួកគេតម្រូវឱ្យបុរសដែលមានអាយុចូលប្រយុទ្ធ ចុះអាសយដ្ឋាន និងព័ត៌មានគ្រួសាររបស់ពួកគេជាមួយយោធា នៅត្រឹមថ្ងៃទី១៦ ខែកក្កដា។

មន្ត្រីការពារជាតិ បាននិយាយថា មនុស្សប្រហែល២លាននាក់ ក្នុងចំណោមបុរសដែលស្ថិតក្នុងវ័យចូលបម្រើកងទ័ព ដែលតាមការប៉ាន់ប្រមាណមានពី៤ទៅ៥លាននាក់ បានបញ្ចប់ការចុះឈ្មោះរបស់ពួកគេរួចហើយ។
ក្រុមអ្នកធ្វើប្រជាមតិ ជាមួយក្រុមហ៊ុនស្រាវជ្រាវឯករាជ្យមួយ គឺវិទ្យាស្ថានសង្គមវិទ្យាអន្តរជាតិទីក្រុងគីវ បានសួរប្រជាជនថាតើ ពួកគេគាំទ្រច្បាប់នេះ ដែរឬទេ។
៣៤ភាគរយនៃអ្នកឆ្លើយតប បាននិយាយថាពួកគេយល់ព្រមទាំងស្រុង ខណៈ៥២ភាគរយ បាននិយាយថាពួកគេ«មិនយល់ព្រម» ។