ប្រជាជនកូរ៉េខាងត្បូងមួយចំនួន បានសម្តែងការព្រួយបារម្ភ ខណៈប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានទទួលស្វាគមន៍នៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃពុធ ទី១៩ មិថុនា។

លោកពូទីន បានធ្វើទស្សនកិច្ចទៅកាន់រដ្ឋធានីប្រទេសកូរ៉េខាងជើងជាលើកដំបូង ក្នុងរយៈពេល២៤ ឆ្នាំកន្លងទៅ ហើយដំណើរទស្សនកិច្ចនេះ ទំនងជានឹងកែប្រែស្ថានភាពទំនាក់ទំនងរុស្ស៊ី-កូរ៉េខាងជើង ជាច្រើនទសវត្សរ៍មកនេះ ក្នុងពេលដែលប្រទេសទាំងពីរប្រឈមមុខទៅនឹងភាពឯកោអន្តរជាតិ។
ប្រជាជនទីក្រុងសេអ៊ូលម្នាក់ បានពណ៌នាអំពីមិត្តភាពថ្មីរបស់ប្រទេសរុស្ស៊ី-កូរ៉េខាងជើងថា «គ្រោះថ្នាក់» ខណៈម្នាក់ទៀតបាននិយាយថា កិច្ចសហប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូ ជាមួយទីក្រុងព្យុងយ៉ាងអាចជាមហន្តរាយដល់ទីក្រុងសេអ៊ូល។

លោក Yuri Ushakov ទីប្រឹក្សាគោលនយោបាយការបរទេសរបស់ លោក ពូទីន ត្រូវបានទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax ដកស្រង់សម្តីដែលបាននិយាយថា របៀបវារៈកាលពីថ្ងៃពុធនៅក្នុងទីក្រុងព្យុងយ៉ាង រួមមានការពិភាក្សាទល់មុខគ្នារវាងលោកពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ព្រមទាំងការទទួលទានអាហារមានការប្រគុំតន្ត្រី ការទទួលស្វាគមន៍រដ្ឋ កងកិត្តិយស ការចុះហត្ថលេខាលើឯកសារ និងសេចក្តីថ្លែងការណ៍ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។