បាល់ទាត់៖ ការប្រកួតកាលពីថ្ងៃអាទិត្យនៃក្របខណ្ឌ English Premier League ក្រុមជើងឯក Manchester City បានបំបែកកំណត់ត្រា ១១នាក់ដំបូងដែលមានតម្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់នៅលីគកំពូលអង់គ្លេស។ លោក Pep Guardiola បានដាក់កីឡាករ ១១នាក់ដំបូងដែលមានតម្លៃរួមបញ្ចូលគ្នា ៥៥៣.៣២លានផោនដែលនេះជាតម្លៃរួមបញ្ចូលគ្នាថ្លៃបំផុត។
យ៉ាងណាក្តី Manchester City នៅតែចាញ់នៅទឹកដី Tottenham Hotspur ១-០ ដោយគ្រាប់បាល់របស់កីឡាករកូរ៉េ Heung-min Son។ ១១នាក់ដំបូងរបស់ Manchester City មានអ្នកចាំទី Ederson ខ្សែការពារ Joao Cancelo, Benjamin Mendy, Ruben Dias និង Nathan Ake ដែលអ្នកទាំងនេះមានតម្លៃជាង ៤០លានផោនម្នាក់ៗ។ នៅខ្សែបម្រើមានកីឡាករថ្លៃបំផុតនៅ Premier League, Jack Grealish រួមជាមួយ Fernandinho, Ilkay Gundogan ខណៈខ្សែប្រយុទ្ធមាន Raheem Sterling, Riyad Mahrez និង Ferran Torres។
មិនត្រឹមតែប៉ុណ្ណោះកីឡាករដែលអង្គុយនៅកៅអីបម្រុងរបស់ Manchester City ក៏បូកបញ្ចូលគ្នាមានតម្លៃជាង ៣០០លានផោនដែរ។ តម្លៃ ១១នាក់ខ្ពស់បំផុតនេះបានបំបែកកំណត់ត្រាចាស់របស់ Manchester United ដែល ១១នាក់បូកបញ្ចូលគ្នាមានតម្លៃ ៤៣៥.៨៥លានផោន។ ចំណែក Spurs ដែលយកឈ្នះ Manchester City នោះមាន ១១ដំបូងដែលមានតម្លៃបូកបញ្ចូលគ្នាត្រឹម ១៧៥.១៤លានផោនប៉ុណ្ណោះ៕
អត្ថបទ៖នាង សុភាវុធ