ក្រសួងការបរទេសហ្វីលីពីន បាននិយាយនៅថ្ងៃពុធ (១៩ មិថុនា) នេះថា ប្រទេសចិន ត្រូវតែជៀសវាងសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់នាវិក និងនាវានៅក្នុងសមុទ្រចិនខាងត្បូង ដោយបន្ថែមថា សន្តិភាពមិនអាចសម្រេចបានទេ ប្រសិនបើពាក្យសម្ដីរបស់ចិនមិនត្រូវគ្នានឹងអាកប្បកិរិយារបស់ខ្លួននៅក្នុងដែនទឹកដែលមានជម្លោះ។

ក្រសួងការបរទេសហ្វីលីពីនបាននិយាយថា ខ្លួន «ថ្កោលទោសចំពោះសកម្មភាពខុសច្បាប់ និងកម្រោល» របស់អាជ្ញាធរចិន ដែលបណ្តាលឱ្យមានរបួសដល់បុគ្គលិក និងមានការខូចខាតនាវាក្នុ ងអំឡុងពេលបេសកកម្មផ្គត់ផ្គង់ឡើងវិញជាប្រចាំរបស់ទីក្រុងម៉ានីល នៅសមុទ្រចិនខាងត្បូងកាលពីថ្ងៃទី១៧ ខែមិថុនា។

ក្រសួងបានបន្តថា «ស្របតាមការប្តេជ្ញាចិត្តក្នុងការស្វែងរកសន្តិភាព ហ្វីលីពីនបាននឹងកំពុងខិតខំប្រឹងប្រែងដើម្បីកសាងឡើងវិញនូវបរិយាកាសអំណោយផលសម្រាប់ការសន្ទនា និងការពិគ្រោះយោបល់ជាមួយចិន ស្តីពីសមុទ្រចិនខាងត្បូង ហើយសន្តិភាពមិនអាចសម្រេចបានទេប្រសិនបើពាក្យសម្ដីរបស់ចិន មិនត្រូវគ្នានឹងសកម្មភាពរបស់ពួកគេនៅលើដែនទឹក»។
ក្រសួងក៏បានអំពាវនាវឱ្យចិន គោរពអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់ហ្វីលីពីននៅក្នុងដែនទឹករបស់ខ្លួន។ ហ្វីលីពីន មានជម្លោះដែនទឹកដ៏យូរលង់ជាមួយចិន ដែលទាមទារស្ទើរតែទាំងអស់នៃសមុទ្រចិនខាងត្បូង ដែលជាច្រកសម្រាប់ពាណិជ្ជកម្មនាវាប្រចាំឆ្នាំជាង ៣ សែនកោដិ៍ដុល្លារ៕