អង្គការឧតុនិយម និងគ្រោះរញ្ជួយដីអ៊ីរ៉ាក់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រលកកម្ដៅកំពុងវាយប្រហារប្រទេសអ៊ីរ៉ាក់ ខណៈដែលខេត្តជាច្រើនបានមើលឃើញសីតុណ្ហភាព ៥០ អង្សាសេកាលពីថ្ងៃអង្គារ (១៨ មិថុនា)។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា សីតុណ្ហភាពក្តៅបំផុត ៥១ អង្សាសេត្រូវបានកត់ត្រានៅក្នុងខេត្ត ឌីកា (Dhi Qar) ខណៈដែលខេត្ត ម៉ាយសាន (Maysan) បាស្រា (Basra) និង មូថានណា (Muthanna) ជួបប្រទះសីតុណ្ហភាព ៥០ អង្សាសេ។

នៅមុននោះ អង្គការបានព្រមាននៅលើគេហទំព័រហ្វេសប៊ុក (Facebook) ផ្លូវការរបស់ខ្លួនប្រឆាំងនឹងការប៉ះផ្ទាល់នឹងកម្ដៅព្រះអាទិត្យ ហើយបានណែនាំឱ្យមនុស្សម្នាស្នាក់នៅក្នុងផ្ទះក្នុងអំឡុងពេលមានកម្ដៅខ្លាំង។ អ៊ីរ៉ាក់តែងតែជួបប្រទះរដូវក្តៅដ៏ខ្លាំងក្លាដែលមានសីតុណ្ហភាពលើសពី ៥០ អង្សារសេ ដោយជំរុញឱ្យរដ្ឋាភិបាលពេលខ្លះផ្តល់ថ្ងៃឈប់សម្រាកដល់ស្ថាប័នរបស់ខ្លួន។
ប្រទេសនេះជាប្រទេសមួយក្នុងចំណោមប្រទេសងាយរងគ្រោះបំផុតក្នុងបម្រែបម្រួលអាកាសធាតុ ប្រឈមនឹងរលកកម្ដៅខ្លាំង ភ្លៀងធ្លាក់ និងកង្វះទឹកជាដើម។ រដ្ឋាភិបាលអ៊ីរ៉ាក់ ក៏តែងតែងាកទៅរកការផ្តល់ថ្ងៃឈប់សម្រាកដល់កម្មករដោយសារកម្ដៅ ជាពិសេសនៅពេលដែលសីតុណ្ហភាពឡើងលើសពី ៥០ អង្សាសេ៕