ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (១៨ មិថុនា) ថា ជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា រាប់ម៉ឺននាក់ដែលត្រូវបានគេបារម្ភថានឹងជាប់ខ្លួនស្របពេលមានការប្រយុទ្ធគ្នានៅភាគខាងលិចមីយ៉ាន់ម៉ានោះ ពុំមានកន្លែងណាត្រូវរត់ភៀសខ្លួនចេញពីជម្លោះនេះនោះទេ ។

កងទ័ពអារ៉ាកាន ដែលកំពុងប្រយុទ្ធដើម្បីស្វ័យភាពសម្រាប់តំបន់រ៉ាឃីន (Rakhine) របស់មីយ៉ាន់ម៉ា បាននិយាយកាលពីល្ងាចថ្ងៃអាទិត្យសប្ដាហ៍មុនថា អ្នកស្រុកនៃភូមិ មួងដាវ (Maungdaw) ដែលរស់នៅជាចម្បងដោយជនជាតិរ៉ូហ៊ីងយ៉ា គួរតែចាកចេញត្រឹមម៉ោង ៩ យប់ (ម៉ោងក្នុងស្រុក) មុនការវាយលុកដែលបានគ្រោងទុក។

លោក វុលឃឺ ធឺក (Volker Turk) ស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN នៅទីក្រុងហ្សឺណែវថា «ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនៅក្នុងភូមិមួងដាវ។ កងទ័ពអារ៉ាកាន នៅចុងសប្តាហ៍នេះបានព្រមានអ្នកស្រុកឱ្យជម្លៀសចេញ ប៉ុន្តែជនជាតិរ៉ូហ៊ីងយ៉ា គ្មានជម្រើស ហើយគ្មានកន្លែងណាដែលអាចភៀសខ្លួនបានទេ»។

រដ្ឋាភិបាលស្រមោលរួបរួមជាតិបានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃចន្ទថា ជនជាតិរ៉ូហ៊ីងយ៉ា ប្រហែល ៧០.០០០ នាក់នៅក្នុងភូមិមួងដាវ ត្រូវបានជាប់នៅពេលដែលការប្រយុទ្ធកាន់តែខិតជិតមកដល់។ ជនជាតិរ៉ូហ៊ីងយ៉ា បានប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញនៅមីយ៉ាន់ម៉ា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ជនជាតិរ៉ូហ៊ីងយ៉ាជិតមួយលាននាក់រស់នៅក្នុងជំរំតាមព្រំដែនបង់ក្លាដែស បន្ទាប់ពីបានភៀសខ្លួនពីការបង្រ្កាបដែលដឹកនាំដោយយោធាក្នុងឆ្នាំ២០១៧៕