ហ្វូងមនុស្សប្រមូលផ្ដុំអបអរសាទរ និងពិធីដ៏អធិកអធម ត្រូវប្រារព្ធឡើងដើម្បីស្វាគមន៍ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅទីក្រុងព្យុងយ៉ាង នៅថ្ងៃពុធ (១៩ មិថុនា) នេះ ជាទីដែលលោកបានជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) សម្រាប់កិច្ចប្រជុំកំពូលដ៏កម្រមួយ ក្នុងគោលបំណងបង្កើតភាពជាដៃគូ ដើម្បីទប់ទល់នឹងសម្ពាធ និងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

វីដេអូដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានបង្ហាញ ឆ្មាំកិត្តិយស រួមទាំងវត្តមានទាហានដ៏ច្រើនសន្ធឹក និងហ្វូងជនស៊ីវិលយ៉ាងអ៊ូរអរបានប្រមូលផ្តុំគ្នានៅទីលានចតុរង្គក្បែរទន្លេ តែដុង (Taedong) ដែលហូរកាត់រដ្ឋធានីនេះ។ ទិដ្ឋភាពនោះរួមមានកុមារកាន់ប៉េងប៉ោងនៅតាមផ្លូវ និងរូបគំនូរធំៗរបស់មេដឹកនាំទាំងពីរដែលមានទង់ជាតិប្រទេស ត្រូវបានតុបតែងក្នុងសាលសិក្សារបស់សភាប្រជាជនដ៏ធំ។

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបាននិយាយថា បន្ទាប់មកលោក គីម និងលោក ពូទីន បានជិះរថយន្តទៅកាន់វិមាន គូមស៊ូសាន (Kumsusan) សម្រាប់កិច្ចពិភាក្សាកំពូល។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA បានដកស្រង់សម្តីលោក ពូទីន ដែលបាននិយាយនៅពេលចាប់ផ្តើមកិច្ចចរចាជាមួយលោក គីម ថា «យើងសូមកោតសរសើរយ៉ាងខ្លាំងចំពោះការគាំទ្រដ៏ជាប់លាប់ និងឥតងាករេរបស់អ្នកចំពោះគោលនយោបាយរុស្ស៊ី រួមទាំងក្នុងទិសដៅរបស់អ៊ុយក្រែន»។ ប្រព័ន្ធផ្សព្វផ្សាយនោះរាយការណ៍ថា លោក ពូទីន បាននិយាយថា ទីក្រុងមូស្គូ កំពុងប្រយុទ្ធប្រឆាំងនឹងគោលនយោបាយចក្រពត្តិនិយមអនុត្តរភាពរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។
លោក គីម បាននិយាយថា ទំនាក់ទំនងកូរ៉េខាងជើង និងរុស្ស៊ី កំពុងឈានចូលដល់ដំណាក់កាលនៃការចេញផ្លែផ្កាថ្មី។ លោក ពូទីន កំពុងធ្វើទស្សនកិច្ចនៅរដ្ឋធានីកូរ៉េខាងជើង ជាលើកដំបូងក្នុងរយៈពេល ២៤ ឆ្នាំ ដែលជាដំណើរមួយទំនងជានឹងផ្លាស់ប្តូរទំនាក់ទំនងជាច្រើនទសវត្សរ៍រវាងរុស្ស៊ី-កូរ៉េខាងជើង ក្នុងពេលប្រទេសទាំងពីរប្រឈមមុខនឹងភាពឯកោពីអន្តរជាតិ៕