ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលមួយចំនួន បានរាយការណ៍ថា កងកម្លាំងរបស់អ៊ីស្រាអែល អាចនឹងនៅតែស្ថិតនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប បន្ទាប់ពីបញ្ចប់ប្រតិបត្តិការរបស់ពួកគេនៅទីក្រុងរ៉ាហ្វា(Rafah)។

សេចក្តីរាយការណ៍ បានធ្វើឡើងខណៈយោធាអ៊ីស្រាអែល និយាយថាប្រតិបត្តិការនៅទីក្រុងរ៉ាហ្វា នឹងត្រូវបញ្ចប់ក្នុងរយៈពេលពីរទៅបីសប្តាហ៍ទៀត។ កងកម្លាំងការពារជាតិអ៊ីស្រាអែល បាននិយាយថា ខ្លួនបានរុះរើស្ទើរតែទាំងស្រុងនូវអង្គភាពកងវរសេនាតូចរបស់ក្រុមហាម៉ាសចំនួនពីរកន្លែងក្នុងចំណោមអង្គភាពកងវរសេនាតូចចំនួនបួនកន្លែង នៅទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្កាហ្សា។

កងកម្លាំងការពារជាតិអ៊ីស្រាអែល(IDF) បានប្រកាសកាលពីថ្ងៃអង្គារថា កងទ័ពរបស់ខ្លួន បានសម្លាប់អ្នកប្រយុទ្ធរបស់ក្រុមហាម៉ាសរាប់សិបនាក់នៅទីក្រុង Rafah ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានរាយការណ៍កាលពីថ្ងៃអង្គារថា សមាជិកនៃក្រុមអ្នកចរចារបស់អ៊ីស្រាអែល បាននិយាយថា យោធានឹងនៅតែស្ថិតក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីការវាយលុកនៅទីក្រុងរ៉ាហ្វា ហើយអ៊ីស្រាអែល នឹងបន្តធ្វើយុទ្ធនាការដ៏ខ្លាំងក្លា និងមានប្រសិទ្ធភាព។ សេចក្តីរាយការណ៍និយាយថា ការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សាអាចនៅបន្ត លុះត្រាតែចំណាប់ខ្មាំងទាំងអស់ដែលចាប់ឃុំខ្លួនដោយក្រុមហាម៉ាស ត្រូវបានដោះលែង។
មានការព្រួយបារម្ភជាច្រើនថា ជម្លោះអាចអូសបន្លាយពេលតទៅទៀត ដោយសារគម្លាតដ៏ធំទូលាយរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅក្នុងការចរចាសម្រាប់បទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង។ ក្រុមហាម៉ាស កំពុងអំពាវនាវឱ្យមានកិច្ចព្រមព្រៀង ដែលធានាឱ្យមានបទឈប់បាញ់ពេញលេញ ខណៈអ៊ីស្រាអែល កំពុងបញ្ជាក់ច្បាស់ថា ខ្លួនមានគោលបំណងកម្ទេចក្រុមហាម៉ាស។