ប្រទេសវៀតណាម បានរឹតបន្តឹងសន្តិសុខ និងត្រៀមរៀបចំនៅថ្ងៃពុធ (១៩ មិថុនា) នេះដើម្បីក្រាលកម្រាលព្រំក្រហមទទួលលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅក្នុងដំណើរទស្សនកិច្ចមួយដែលត្រូវបានគេមើលឃើញថាជាភាពទាក់ទាញជាសាធារណៈសម្រាប់ប្រធានាធិបតីរុស្ស៊ី ដែលត្រូវបានចោទពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន ខណៈពេលដែលនាំមកនូវផលប្រយោជន៍ និងហានិភ័យសម្រាប់មេដឹកនាំកុម្មុយនិស្តទីក្រុងហាណូយ។ លោក ពូទីន ត្រូវបានគេរំពឹងថានឹងមកដល់ទីក្រុងហាណូយ នៅល្ងាចថ្ងៃពុធនេះ ពីដំណើរទស្សនកិច្ចទីក្រុងព្យុងយ៉ាង ជាទីដែលលោកបានពង្រឹងទំនាក់ទំនងជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un)។

ខណៈពេលដែលកូរ៉េខាងជើង និងរុស្ស៊ីប្រឈមមុខនឹងភាពឯកោអន្តរជាតិ វៀតណាមបានកសាងសម្ព័ន្ធភាពយ៉ាងប្រុងប្រយ័ត្នជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ សហរដ្ឋអាមេរិក បានថ្កោលទោសក្រុងហាណូយ រួចហើយចំពោះការទទួលស្វាគមន៍មេដឹកនាំរុស្ស៊ី។ លោក អាឡិចសាន់ឌឺ វូវីង (Alexander Vuving) មកពីមជ្ឈមណ្ឌលសិក្សាសន្តិសុខ អ៊ីននូអេ (Inouye) អាស៊ីប៉ាស៊ីហ្វិក ដែលមានមូលដ្ឋាននៅរដ្ឋហាវ៉ៃ បាននិយាយថា នោះជាហេតុធ្វើឱ្យដំណើរទស្សនកិច្ចរបស់លោក ពូទីន នៅទីក្រុងហាណូយមានសារៈសំខាន់ជាពិសេសសម្រាប់មេដឹកនាំរុស្ស៊ីរូបនេះ។

វៀតណាម នឹងក្លាយជាប្រទេសទីបីដែលលោក ពូទីន បានទៅបំពេញទស្សនកិច្ច បន្ទាប់ពីចិន និងកូរ៉េខាងជើង ចាប់តាំងពីលោកបានកាន់តំណែងអាណត្តិទីប្រាំ កាលពីខែឧសភា។ វៀតណាមបានត្រៀមលក្ខណៈសម្រាប់ការស្វាគមន៍យ៉ាងពេញទំហឹងចំពោះលោក ពូទីន ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកចាប់តាំងពីឆ្នាំ២០១៧ និងជាដំណើរសរុបលើកទីប្រាំរបស់លោក។

ប្រទេសទាំងពីរនេះមានទំនាក់ទំនងជិតស្និទ្ធជាប្រវត្តិសាស្ត្រ និងចែករំលែកឫសគល់កុម្មុយនិស្ត។ កម្មាភិបាលរាប់ម៉ឺននាក់ បានសិក្សានៅអតីតសហភាពសូវៀតក្នុងអំឡុងសង្គ្រាមត្រជាក់ រួមទាំងប្រមុខបក្សកុម្មុយនិស្តវៀតណាមបច្ចុប្បន្ន លោក ង្វៀន ភូទ្រុង (Nguyen Phu Trong) ផងដែរ៕