ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានទទួលជួបសវនាការ និងទទួលអំណោយពី សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ចំនួន៤០០ កេស នៅអគារទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។
ក្នុងឱកាសទទួលជួបសវនាការនោះ លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌របស់ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ដែលបានបរិច្ចាគអង្ករវីតាមីនចំនួន៤០០កេស ដែលជាការឧបត្ថមលើកទី៣ជូនដល់ កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការមនុស្សធម៌ ជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។
លោកជំទាវអគ្គលេខាធិការបានឱ្យដឹងថា ជារៀងរាល់ឆ្នាំ កាកបាទក្រហមកម្ពុជា ទាំងថ្នាក់កណ្តាល និងសាខាទាំងអស់ តែងតែធ្វើការកៀងគរ រកជំនួយពីសប្បុសជននានា ក្នុងឱកាសទិវា៨ឧសភា ដើម្បីទុកជួយទៅដល់ប្រជាពលរដ្ឋ ដែលត្រូវការជំនួយជាចាំបាច់។ លោកជំទាវបានបញ្ជាក់ថា ការកៀងគររកជំនួយនេះដែរ បើសាខាណាមិនមានលទ្ធភាពគ្រប់គ្រាន់ និងផ្តល់ជំនួយទៅដល់ប្រជាពលរដ្ឋបានទាន់ពេលវេលាទេ ថ្នាក់កណ្តាលនឹងយកទៅបំពេញបន្ថែម ហើយអំណោយទាំងអស់ និងយកទៅចែកជូនដល់ដៃប្រជាពលរដ្ឋដោយផ្តាល់។ លោកជំទាវបញ្ជាក់ថា អំណោយដែលទទួលបានពីសប្បុរសនានា កាកបាទក្រហមកម្ពុជា នឹងយកទៅប្រើប្រាស់ឱ្យចំគោលដៅមនុស្សធម៌ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយណាមួយឡើយ។ ជាពិសេសជនចាស់ជរាឥតទីពឹង និងកុមារកំព្រា ស្ត្រីមេម៉ាយកូនច្រើន និងផ្ទុកមេរោគអេដស៍ជាដើម។
ជាមួយគ្នានេះលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មានបានឱ្យដឹងថា លោកជំទាវនិងក្រុមការងារ មានការពេញចិត្តគោរពស្រឡាញ់ និងកោតសសើរយ៉ាងខ្លាំងក្លា ចំពោះកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែជួយទៅដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្សត់ខ្សោយ និងជួបទុក្ខលំបាកបានទាន់ពេលវេលា។ លោកជំទាវសង្ឃឹមថាអង្ករវីតាមីនទាំងនេះ នឹងទៅដល់ដៃប្រជាពលរដ្ឋងាយគ្រោះ និងជួយឱ្យប្រជាពលរដ្ឋមានសុខភាពល្អ ហើយលោកជំទាវនិងបន្តជួយដល់ កាកបាទក្រហមកម្ពុជា នូវអង្ករវីតាមីននេះជាបន្តបន្ទាប់ទៀត។
សូមជម្រាបថា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន បានឧបត្ថមអង្ករវីតាមីនដល់ កាកបាទ ក្រហមកម្ពុជាចំនួន៣លើករួចមកហើយ ដោយលើកទី១ នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០១៦ ឧបត្ថមអាហារវីតាមីន ចំនួន២០០កេស, លើកទី២ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ឧបត្ថមអង្ករវីតាមីនចំនួន២០០កេស, និងលើកទី៣ នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានឧបត្ថមអង្ករវីតាមីនចំនួន៤០០កេស៕
អត្ថបទ ៖ សំ ងីម










