កំពង់ឆ្នាំង៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ មេភូមិ និងប្រជាកសិករក្នុងឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បានសំដែងការសប្បាយរីករាយ និងអរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយជីកប្រឡាយខ្វាត់ខ្វែង នាំទឹកពីទន្លេសាប ស្រោចស្រពនៅលើដីស្រែប្រាំងពួកគាត់រហូតដល់ជាង៧ពាន់ហិកតា បានធ្វើស្រែរហូតដល់៣ដងក្នុង១ឆ្នាំ និងទទួលទិន្នផលចាប់ពី៦ទៅ៨តោនក្នុង១ហិកតា។មេភូមិ និងប្រជាកសិករ បានបន្តថា៖ សព្វថ្ងៃដោយសារកត្តាសុខសន្តិភាព និងសន្តិសុខនៅតាមមូលដ្ឋានមិនមានបញ្ហាអ្វីនោះ នាំអោយប្រជាជនតាមភូមិឃុំរស់នៅដោយក្តីសុខសាន្ត ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ នៅក្នុងស្រុកជលគីរី ឃុំកោះថ្កូវគឺជាឃុំមួយដែលប្រជាជនបានប្រកបមុខរបរធ្វើស្រែប្រាំងច្រើនជាងគេរហូតដល់ជាង៩០% និងមិនសូវមានអ្នកចំណាកស្រុកឡើយ ។ ឆ្នាំនេះ ក៏ដូចជាឆ្នាំមុនៗ ប្រជាកសិករក្នុងឃុំ បានធ្វើស្រែប្រាំងប្រមូលផលលើកទី១ និងលើកទី២រួចហើយ តែនៅក្នុងខែមិថុនានេះ បងប្អូនប្រជាកសិករយើងចំនួនជាង៤៥% កំពុងសាបព្រួស និងខ្លះកំពុងប្រមូលផលស្រូវប្រាំងជាបន្តបន្ទាប់ ដោយមិនគិតខ្វល់ពីការខ្វះទឹកធ្វើស្រែនោះឡើយ។ នៅក្នុងឃុំកោះថ្កូវនេះ ប្រជាជនប្រមាណ៩៥%មានជីវភាពធូរធារដោយសារស្រូវប្រាំង ខ្លះបានសង់ផ្ទះថ្មីៗប្រដេញគ្នា ខ្លះទិញរថយន្តដឹកស្រូវ ខ្លះទិញម៉ូតូ ឡានតូចជិះសឹងគ្រប់ផ្ទះ។ ដោយឡែកឧបករណ៍ធ្វើស្រែប្រាំងវិញ មានគោយន្តកន្ត្រៃ មានម៉ាស៊ីនបូមទឹកគ្រប់គ្នា មានត្រាក់ទ័រ ម៉ាស៊ីនព្រួសគ្រាប់ស្រូវ និងម៉ាស៊ីនច្រូតស្រូវជាដើម ។ ពួកគាត់បានថ្លែងអំណរគុណដល់សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា ដែលបានជួយប្រជាពលរដ្ឋពីបាតដៃទទេរហូតមានអ្វីៗគ្រប់យ៉ាង និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានបន្តផ្តល់នូវការផ្គត់ផ្គង់ជាប្រឡាយខ្វាត់ខ្វែងនៅពេលនេះ ។
លោក ប៊ុន សុផាន មេឃុំកោះថ្កូវ ស្រុកជលគីរី បានថ្លែងថា៖ ប្រជាកសិករប្រមាណជាង៩៥%ក្នុងឃុំ បានធ្វើស្រែប្រាំង ពួកគាត់មានត្រាក់ទ័រផ្ទាល់ខ្លួនជិត៣០គ្រឿង និងម៉ាស៊ីនច្រូត៨គ្រឿង រួមនិងម៉ាស៊ីនបូមទឹកតូចៗគ្រប់គ្នាទៀតផង ។ ដោយឡែកម៉ាស៊ីនបូមទឹករបស់សហគមន៍ និងម៉ាស៊ីនបូមទឹករបស់ខាងមន្ទីរធនធានទឹក គឺនៅប្រចាំការបូមទឹកបញ្ចូលប្រឡាយពួកគាត់ជារៀងរាល់ថ្ងៃ ។ ការខិតខំរបស់ប្រជាកសិករក្នុងឃុំ និងការជួយជ្រោមជ្រែងពីរដ្ឋបាលឃុំស្រុកខេត្ត និងពីរាជរដ្ឋាភិបាលកម្ពុជា ធ្វើអោយជីវភាពរបស់ពួកគាត់បានធូរធារយ៉ាងច្រើន មិនចាញ់អ្នកទីក្រុងនោះឡើយ ។
ជីវភាពប្រជាកសិករនៅក្នុងឃុំកោះថ្កូវបានរីកចម្រើនពី១ឆ្នាំទៅ១ឆ្នាំ មិនសូវមានអ្នកចំណាកស្រុកឡើយ មានតែអ្នកទៅធ្វើការនៅរោងចក្រក្នុងខេត្ត និងអ្នកធ្វើស្រែតែប៉ុណ្ណោះ ដែលកត្តាទាំងនេះដោយសារការជួយជ្រោមជ្រែងលើប្រព័ន្ធធារាសាស្ត្រពីរាជរដ្ឋាភិបាលកម្ពុជា ៕ ដោយ ៖ កាំង ហុងវាស្នា












