កំពង់ចាម ៖ ផ្លូវជនបទមួយខ្សែនៅក្នុងខេត្តកំពង់ចាម ស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងដល់ ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសការដឹកជញ្ជូនកសិផល ការតភ្ជាប់ទៅកាន់តំបន់ផ្សេងៗ ការសម្រួលធ្វើដំណើរប្រជាពលរដ្ឋមូលដ្ឋាន និងសាធារណជនទូទៅជាដើម។
ឯកឧត្តម ជា ស៊្រុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃប្រគល់-ទទួលបញ្ចប់ជាស្ថាពរ រយៈពេលធានា សុពលភាពការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ ខ្សែ ប្រវែង ៣ ៥០០ ម៉ែត្រ, ទទឹង ៧ ម៉ែត្រ, ចិញ្ចើមផ្លូវសងខាងក្រាល ដីល្បាយក្រួសទទឹងម្ខាងៗ ១ ម៉ែត្រ, និងសាងសង់លូមុខមួយចំនួន ២កន្លែង, ស្ថិតនៅភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ទៅភូមិ តាម៉ៅ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
ក្នុងការចុះពិនិត្យគម្រោងផ្លូវខាងលើនេះ, លោកឧត្តមសេនីយ៍ត្រី នាន់ បូរ៉េត នាយករងនាយកដ្ឋានវិស្វកម្ម តំណាងឯកឧត្ដម ឧត្តមសេនីយ៍ឯក សឿន រឿត នាយក នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ លើកឡើងថា បន្ទាប់ពីបានគោលការណ៍ឯកភាពពី ក្រសួងអភិវឌ្ឍន៍ជនបទរួចមក នាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ ក៏បានអនុវត្តការងារនេះ ក្នុងគោលដៅជួយសម្រួលដល់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរទៅមក ការដឹកជញ្ជូនកសិផល និងដំណាំបន្ទាប់បន្សំរបស់ ប្រជាពលរដ្ឋមកកាន់ទីផ្សារ ជួយសម្រួលដល់សិស្សានុសិស្ស ធ្វើដំណើរទៅកាន់សាលារៀនជាដើម។ ផ្លូវនិងលូខាងលើនេះ បានធ្វើ ការត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារអនុវត្តសម្រេចបាន ១០០ភាគរយ កាលពីឆ្នាំ២០២៣ គិតមកដល់ពេលនេះ ឃើញថា មានរយៈពេលជាង ១២ ខែ ក្នុងរយៈពេលធានាសុពលភាព។
ជុំវិញគម្រោងផ្លូវខាងលើនេះ ឯកឧត្តម ជា ស៊្រុន បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងស្ថាបនាផ្លូវខាងលើនេះ សម្រេច បានតាមផែនការស្ថិតក្នុងសុពលភាព និងប្រកបដោយគុណភាព ព្រោះផ្លូវនៅជនបទមានសារៈសំខាន់ណាស់ ជាពិសេសផ្លូវនៅតំបន់ ខាងលើ ព្រោះកសិករនៅមូលដ្ឋាននេះ ភាគច្រើនជាអ្នកប្រកបការដាំដុះដាំកសិកម្មដ៏សំខាន់មួយនៅខេត្តកំពង់ចាម។ ចំពោះបញ្ហាផ្លូវ និងស្ពាននេះដែរ ក្រសួងបានផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងក្របខណ្ឌទូទាំងប្រទេស ដោយគិតគូរពីភាពធន់ និងការប្រែប្រួល អាកាសធាតុ ទាំងផ្លូវដីស, ផ្លូវល្បាយ ក្រួស, និងផ្លូវក្រាសកៅស៊ូ ឬក្រាលបេតុងនេះជាដើម។
បន្ទាប់ពីចុះពិនិត្យគម្រោងផ្លូវនិងលូខាងលើរួច, ឯកឧត្តម ជា ស៊្រុន និងក្រុមការងារអន្តរក្រសួង បានចុះជួបសំណេះសំ ណាល ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចំនួន ៣០ គ្រួសារ ដោយក្នុងពិធីនោះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែទាំផ្លូវ និងលូ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ឲ្យបានគង់វង់យូរអង្វែង និងចាត់ទុកផ្លូវ និងលូ ទាំងនោះជារបស់ពួកគាត់។ ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម ក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តមរដ្ឋមន្ត្រី ចែកជូនប្រជាពលរដ្ឋ ដោយក្នុងមួយគ្រួសារទទួលបានក្រម៉ាចំនួន ១ ផងដែរ៕














