បន្ទាយមានជ័យ ៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនជិត១គីឡូក្រាម បង្ក្រាបនៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង១៧និង០០នាទីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានទទួលព័ត៌មានពីសន្តិសុខរាយការណ៍មកថា មានករណី ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះល្វែងមួយកន្លែងស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងចុះទៅដល់ចំណុចផ្ទះល្វែងខាងលើរបស់ជនសង្ស័យម្នាក់១-ឈ្មោះ ឌុច គឹមហួត ហៅ ហួត ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ដូរ រស់នៅចំណុចខាងលេី។ ដោយមានការអនុញ្ញាតពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងបានធ្វើការឆែកឆេរលំនៅឋានរបស់ជនសង្ស័យ រកឃេីញវត្ថុតាង គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ២១៩ថង់កិប (ធំ០៣ថង់) ទម្ងន់៩៧១,៩០ក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០២គ្រឿង, ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។ ក្នុងពេលចុះប្រតិបត្តិការខាងលេី ដោយមានការសង្ស័យផ្ទះល្វែងមួយកន្លែងក្បែរគ្នាត្រូវជាប្អូនថ្លៃស្រីរបស់ជនសង្ស័យឈ្មោះ ជួន ដា ភេទស្រី អាយុ ៤០ឆ្នាំ កម្លាំងបានសុំគោលការពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានធ្វេីការឆែកឆេរឃើញវត្ថុតាងរួមមាន ៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ១៥កូនថង់កិប ទម្ងន់ ៩,៤០ក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០២គ្រឿង, ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។ បន្ទាប់មកនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងបញ្ជូនបន្តមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេតត្ត ដេីម្បីចាត់ការតាមនីតិវិធី។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្ត ហើយ អនុវត្តតាមនីតិវិធី ៕ អត្ថបទ៖ រឿង ចន្ទ្រា


