
ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋធានី Skopje សាធារណរដ្ឋម៉ាសេដូនីខាងជើង នាំគ្នាហែលទឹកទន្លេលេង ដើម្បីរកភាពត្រជាក់ ស្របពេលដែលបណ្តាប្រទេសនៅទូទាំងតំបន់បាល់កង់ ប្រឈមនឹងរលកកម្តៅខ្លាំង ។
លោក Tatu Korhonen គឺជាភ្ញៀវទេសចរមួយរូបមកពីប្រទេសហ្វាំងឡង់ និយាយនៅកណ្តាលទីក្រុង Skopje ថា ខ្ញុំចង់និយាយថា វាពិតជាក្តៅខ្លាំងណាស់សម្រាប់ខ្ញុំនៅទីនេះ ពេលដែលសីតុណ្ហភាពកើនឡើងដល់ជាង ៣៥អង្សាសេបែបនេះ ។
ចំណែកឯអ្នកស្រី Berta គឺជាអ្នកស្រុកមួយរូបរស់នៅក្នុងរដ្ឋធានី Skopje ហើយពេលសួរថាតើអ្នកស្រីមានវិធីបែបណា ដើម្បីទប់ទល់នឹងអាកាសធាតុក្តៅបែបនេះ អ្នកស្រីឆ្លើយថា អ្នកស្រីរកកន្លែងណាដែលមានម៉ាស៊ីនត្រជាក់ ហើយជាការពិតណាស់ថា អ្នកស្រីស្លៀកពាក់ខោអាវសាច់ស្រទន់លីនីន ។
ទីភ្នាក់ងារឧតុនិយមម៉ាសេដូនីខាងជើង បានព្យាករណ៍ថា សីតុណ្ហភាពនឹងកើនឡើងដល់ ៣៩អង្សាសេនៅរដ្ឋធានី Skopje ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ ខណៈក្រុមអាជ្ញាធរប្រទេសជិតខាងស៊ែរប៊ី បានចេញការព្រមានរួចទៅហើយពីសីតុណ្ហភាពខ្ពស់ខ្លាំង ក្នុងសប្តាហ៍នេះ ៕