
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានសន្យាថា នឹងគាំទ្រយ៉ាងពេញទំហឹងចំពោះសង្គ្រាមរបស់រុស្ស៊ី នៅប្រទេសអ៊ុយក្រែន ខណៈដែលរូបលោកបានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) នៅទីក្រុងព្យុងយ៉ាង នាថ្ងៃពុធ (ទី១៩ ខែមិថុនា) នេះ ដោយជំនួបនេះត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងយោធារបស់ប្រទេសទាំង២ ហើយបង្ហាញពីរណសិរ្សរួបរួមប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោន។
ចំណែកលោក ពូទីន បានថ្លែងអំណរគុណដល់លោក គីម សម្រាប់ការគាំទ្រនេះ ហើយលោកបានលើកឡើងថា ប្រទេសទាំង២ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលលើកកម្ពស់ភាពជាដៃគូរបស់ភាគីទាំង២ ខណៈដែលប្រទេសទាំង២ «ប្រយុទ្ធប្រឆាំងនឹងគោលនយោបាយអនុត្តរភាពចក្រពត្តិនិយមរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរណបរបស់ខ្លួន ប្រឆាំងនឹងសហព័ន្ធរុស្ស៊ី»។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ទីក្រុងព្យុងយ៉ាង ត្រូវបានធ្វើឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ អំពីការរៀបចំនូវអាវុធដែលកូរ៉េខាងជើងផ្តល់ឲ្យរុស្ស៊ី ដោយក្នុងនោះមានទាំងគ្រាប់រំសេវដែលកំពុងត្រូវការយ៉ាងខ្លាំង ដើម្បីយកទៅជួយគាំទ្រដល់សង្រ្គាមរបស់ក្រុងមូស្គូ ក្នុងប្រទេសអ៊ុយក្រែន ជាថ្នូរនឹងជំនួយសេដ្ឋកិច្ច និងការផ្ទេរបច្ចេកវិទ្យា ខណៈការដោះដូរនេះអាចបង្កើនការគំរាមកំហែងដែលបង្កឡើងដោយកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់លោក គីម។
លោក ពូទីន បានឲ្យដឹងនៅក្នុងសុន្ទរកថាដែលធ្វើឡើងដោយសារព័ត៌មានរដ្ឋរុស្ស៊ី Tass និងទីភ្នាក់ងារសារព័ត៌មាន RIA Novosti ថា៖ «ឯកសារមូលដ្ឋានថ្មីនឹងបង្កើតជាមូលដ្ឋាននៃទំនាក់ទំនងរបស់យើង សម្រាប់ទស្សនវិស័យដ៏វែងឆ្ងាយ»។
កូរ៉េខាងជើងកំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ខណៈរុស្ស៊ីក៏កំពុងប្រឈមនឹងការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក និងដៃគូលោកខាងលិច ជុំវិញការលុកលុយរបស់ខ្លួននៅអ៊ុយក្រែន។ សូមបញ្ជាក់បន្ថែមថា លោក ពូទីន ដែលធ្វើដំណើរទៅកាន់កូរ៉េខាងជើងជាលើកដំបូង ក្នុងរយៈពេល ២៤ឆ្នាំ បានអរគុណដល់កូរ៉េខាងជើង សម្រាប់ «ការគាំទ្រឥតឈប់ឈរ និងមិនផ្លាស់ប្តូរ ចំពោះគោលនយោបាយរបស់រុស្ស៊ី»៕