
មន្ត្រីអាមេរិកម្នាក់បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុន បន្ទាប់ពីបានជួបជាមួយរដ្ឋាភិបាលហូឡង់ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញឲ្យសម្ព័ន្ធមិត្តទប់ស្កាត់បន្ថែមទៀតលើសមត្ថភាពរបស់ប្រទេសចិន ក្នុងការផលិតឧបករណ៍បន្ទះអេឡិកត្រូនិក។ នេះបើតាមការឲ្យដឹងពីបុគ្គលដឹងពីបញ្ហានេះ ដែលបានប្រាប់មកសារព័ត៌មាន Reuters កាលពីថ្ងៃអង្គារ (ទី១៨ ខែមិថុនា)។
លោក Alan Estevez ប្រធានគោលនយោបាយនាំចេញរបស់សហរដ្ឋអាមេរិក បានព្យាយាមម្តងទៀតដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវកិច្ចព្រមព្រៀងឆ្នាំ២០២៣ រវាងប្រទេសទាំង៣ ដែលបង្កើតឡើង ក្នុងគោលបំណងទប់ស្កាត់ឧបករណ៍ផលិតបន្ទះឈីប ចំពោះប្រទេសចិនដែលអាចនឹងយកទៅធ្វើទំនើបកម្មយោធារបស់ខ្លួន។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានចេញការរឹតបន្តឹងលើកដំបូង នៅឆ្នាំ២០២២ ដើម្បីកុំឲ្យមានការដឹកជញ្ជូនបន្ទះឈីបកម្រិតខ្ពស់ និងឧបករណ៍ផលិតបន្ទះអេឡិកត្រូនិកទៅកាន់ប្រទេសចិន ពីក្រុមហ៊ុននានា ដូចជា Nvidia និង Lam Research ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាជាដើម។
នៅខែកក្កដា ឆ្នាំ២០២៣ ដើម្បីស្របតាមគោលនយោបាយរបស់សហរដ្ឋអាមេរិក ប្រទេសជប៉ុនដែលជាកន្លែងផលិតឧបករណ៍បន្ទះឈីបរបស់ក្រុមហ៊ុន Nikon Corporation និង Tokyo Electron បានទប់ស្កាត់ការនាំចេញឧបករណ៍ចំនួន ២៣ប្រភេទ។ ហើយបន្ទាប់មករដ្ឋាភិបាលហូឡង់បានចាប់ផ្តើមគ្រប់គ្រងឧបករណ៍បន្ទះអេឡិកត្រូនិករបស់ក្រុមហ៊ុន ASML ដែលមានមូលដ្ឋាននៅប្រទេសហូឡង់ សម្រាប់ប្រទេសចិន៕