
គណបក្សប្រឆាំងអភិរក្សនិយមរបស់ប្រទេសអូស្ត្រាលី នឹងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ នៅទូទាំងប្រទេស ប្រសិនបើខ្លួនឈ្នះការបោះឆ្នោតបន្ទាប់។ នេះបើយោងតាមផែនការដែលត្រូវបានបង្ហាញ នៅថ្ងៃពុធ (ទី១៩ ខែមិថុនា) នេះ ដែលបានបន្តការជជែកដេញដោល ស្ដីពីគោលនយោបាយអាកាសធាតុ។
មេដឹកនាំគណបក្សប្រឆាំង លោក Peter Dutton បាននិយាយថា លោកនឹងលុបចោលការហាមឃាត់នុយក្លេអ៊ែររយៈពេល ២៦ឆ្នាំ ដើម្បីសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលចំនួន ៧ នៅលើទីតាំងនៃស្ថានីយថាមពលដែលប្រើដោយធ្យូងថ្មចាស់ៗ។
ដោយហៅការបោះឆ្នោតដែលគ្រោងនឹងកើតឡើងក្នុងរយៈពេល ១១ខែបន្ទាប់ថា ជា «ការធ្វើប្រជាមតិ ស្តីពីនុយក្លេអ៊ែរ» លោក Dutton បាននិយាយថា គោលនយោបាយបច្ចុប្បន្ន ដើម្បីពង្រីកការកកើតឡើងវិញ គឺមិនមានប្រសិទ្ធភាព និងមិនអាចជឿទុកចិត្តបានឡើយ។
តែយ៉ាងណាក្ដី ទីភ្នាក់ងារវិទ្យាសាស្ត្ររបស់ប្រទេសអូស្ត្រាលី បានព្រមានថា ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរដែលមានតម្លៃថ្លៃ នឹងត្រូវចំណាយពេលសាងសង់យ៉ាងហោចណាស់ក៏ ១៥ឆ្នាំដែរ ខណៈពេលដែលអ្នករិះគន់បានចំអកផែនការរបស់លោក Dutton ថា ជា «ការបំពុល» «ប្រថុយប្រថាន» និង «ភាពមិនប្រក្រតីផ្នែកសេដ្ឋកិច្ច»៕