
ក្រុមអាជ្ញាធរ និយាយថា ភ្លើងឆេះព្រៃឆាបឆេះតំបន់ភាគពាយ័ព្យទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បានឆាបឆេះដីព្រៃជាង ៦ពាន់ហិចតា ។
រដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិ បានបង្ហាញរបាយការណ៍បញ្ជាក់ថា ភ្លើងឆេះព្រៃ Post Fire នៅរដ្ឋ California បានឆាបឆេះដីព្រៃជាង ៦.៣០០ហិចតា ហើយភ្លើងឆេះព្រៃត្រឹមតែ ២០ភាគរយប៉ុណ្ណោះ ត្រូវបានទប់ស្កាត់ជាប់ ។
លោក Neal Driscoll គឺជាសាស្រ្តាចារ្យផ្នែកភូគព្ភសាស្ត្រ និងផែនដីវិទ្យានៅសាកលវិទ្យាល័យ California San Diego និយាយថា ក្រុមអ្នកវិទ្យាសាស្រ្ត កំពុងវិភាគថាតើសីតុណ្ហភាពកើនឡើងបែបណានៅក្នុងបរិយាកាស ហើយមហាសមុទ្រ កំពុងប៉ះពាល់ភ្លើងឆេះព្រៃក្នុងរដ្ឋដែរឬទេ ។
លោក Driscoll និយាយថា ភ្លើងឆេះព្រៃទាំងនេះ រីករាលដាលលឿនខ្លាំងណាស់ ។ ដូច្នេះហើយ បើសិនជាក្រុមអាជ្ញាធរ និយាយប្រាប់អ្នកឲ្យជម្លៀសខ្លួន អ្នកត្រូវតែជម្លៀសខ្លួនភ្លាម ។
នាយកដ្ឋានពន្លត់អគ្គិភ័យស្រុក Los Angeles និយាយថា កិច្ចខិតខំពន្លត់ភ្លើងឆេះព្រៃ ត្រូវបានរារាំងដោយសារសីតុណ្ហភាពខ្ពស់ សំនើមទាប និងខ្យល់បាក់ខ្លាំង ៕